ក្រុមហ៊ុន Xpeng Motors បានចេញផ្សាយរូប Teaser សម្រាប់រថយន្ត Coupe អគ្គិសនីទ្វារ៤ ដែលមានកូដឈ្មោះថា E29 រថយន្តនេះរំពឹងថានឹងចេញលក់នៅពាក់កណ្តាលខាងក្រោយឆ្នាំ 2025 ហើយនឹងបង្ហាញការផ្លាស់ប្ដូរការរចនាដ៏ធំមួយ ដោយផ្តោតលើរូបរាងបែបល្បឿន (Performance-oriented) ជាងម៉ូដែល Sedan បច្ចុប្បន្នរបស់ Xpeng។
រថយន្ត E29 ត្រូវបានរចនាដោយលោក Rafik Ferrag ជាអ្នករចនាដែលធ្លាប់ធ្វើការលើម៉ូដែល P7 ដំបូង គាត់បានចូលរួមជាមួយ Xpeng តាំងពីឆ្នាំ 2018 ហើយបានបង្ហាញស្រមោលរូបដំណាងរថយន្តថ្មីនេះតាម Instagram។ ទោះបីជាព័ត៌មានបច្ចេកទេសមិនទាន់បានបញ្ជាក់ជាផ្លូវការក៏ដោយ ការបង្ហាញរូប Teaser និងរូបថត Spy បង្ហាញថារថយន្តនេះមានទម្រង់ fastback, ភ្លើងក្រោយអូសពេញផ្ទៃផ្នែកខាងក្រោយ (Full-width) មានអត្តសញ្ញាថ្មី, មានការរចនាដៃទ្វាបង្កប់ (flush door handles), កញ្ចក់ចំហៀងគ្មានស៊ុម (frameless side mirrors), និងស្លាបក្រោយ (Spoiler) បិទបើកអូតូ ។ ខាងមុខ និងខាងក្រោយមានរចនាមានលក្ខណៈស្រដៀងនឹង P7+ ដែលបានចេញក្នុងឆ្នាំ 2024 ប៉ុន្តែ E29 មានបន្ថែមលក្ខណៈពិសេសដើម្បីបង្កើនសមត្ថភាពអេរ៉ូឌីណាមិច និងមានភ្លើងបំភ្លើពេលថ្ងៃកាចជាង។
ព័ត៌មានអំពីផ្នែកខាងក្នុងមិនទាន់ត្រូវបានប្រកាសជាផ្លូវការទេ ប៉ុន្តែរូបថត Spy បង្ហាញថា វាមានអេក្រង់ចម្បងទំហំធំ Touchscreen, ចង្កូតមានរាងបីជ្រុង (three-spoke steering wheel) មានប៊ូតុងមូល និងមួយជម្រើសទៀតបំពាក់ស្បែកពណ៌ស្វាយ។ E29 នឹងប្រើប្រាស់កម្មវិធី Xmart OS 2.0 ជំនាន់ថ្មីរបស់ Xpeng ដែលគាំទ្រការបញ្ជាពីសំលេង ហើយប្រហែលជាមាន Head-up display ដែលមានបច្ចេកវិទ្យាពង្រឹងបន្ថែម (Augmented Reality) ផងដែរ។
ម៉ូដែលនេះអាចមានប្រព័ន្ធជំនួយអ្នកបើកបរ (ADAS) ប្រព័ន្ធដែលផ្អែកលើចក្ខុវិស័យ ហើយដំណើរការដោយឈីប AI ជំនាន់ថ្មីឈ្មោះ Turing របស់ Xpeng ផ្ទុយពីម៉ូដែលបច្ចុប្បន្នខ្លះៗដែលប្រើ Lidar, E29 អាចពឹងផ្អែកតែតាមកាមេរ៉ាសម្រាប់ការរកឃើញវត្ថុនៅជុំវិញរថយន្ត។ ទោះបីជាព័ត៌មានអំពីម៉ាស៊ីននិងថ្មអគ្គិសនីមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ E29 នឹងបន្តជារថយន្តអគ្គិសនីពេញលេញ និងអាចនឹងប្រើប្រាស់លើគ្រោងឆឹ្អង EV ថ្មីឈ្មោះ “Kunpeng”។ អ្នកឯកទេសខ្លះសន្និដ្ឋានគ្រោងឆឹ្អងនេះអាចគាំទ្រប្រព័ន្ធ Range-extended ប៉ុន្តែមិនទាន់មានការបញ្ជាក់ផ្លូវការទេ។ សម្រាប់ករណីប្រៀបធៀប, P7i បច្ចុប្បន្នផ្តល់ថាមពលដល់ទៅ 348 kW ជាមួយប្រព័ន្ធ All-wheel drive និងចម្ងាយរហូតដល់ 702 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC), ហើយ E29 រំពឹងថានឹងសមស្រប ឬលើសពីចំនុចនេះ។
រថយន្ត E29 ជារូបដំណាងមានការតេស្តលើផ្លូវក្នុងរយៈពេលចុងក្រោយនេះ។ នាយកប្រតិបត្តិ Xpeng លោក He Xiaopeng ត្រូវបានឃើញកំពុងបើកសាកល្បងរថយន្តនេះផ្ទាល់ នៅខែកុម្ភៈកន្លងមក ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំម៉ាកជាពាណិជ្ជកម្មឈ្មោះ “P7 Ultra” ដែលកំពុងពិនិត្យ និងអាចនឹងទាក់ទងនឹងម៉ូដែលនេះ រថយន្ត E29 រំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅត្រីមាសទីបីឆ្នាំ 2025 នៅ Guangzhou Auto Show។