ដើម្បីជំនួស Mavic 3 Pro ក្រុមហ៊ុន DJI បានប្រកាសបញ្ចេញនូវ DJI Mavic 4 Pro ដែលជាដ្រូនជំនាន់ថ្មីរបស់ខ្លួនហើយ។ DJI Mavic 4 Pro ត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យា 360° Infinity Gimbal ដែលអាចបង្វិលបានពេញ 360 ដឺក្រេ សម្រាប់ការថតច្រើនមុំ មិនថាបញ្ឈរ ឬផ្តេកឡើយ។ វាបំពាក់ដោយកាមេរ៉ាចំនួន ៣ រួមមាន៖
-
កាមេរ៉ាធំ 100MP Hasselblad (សេនស័រ Four Thirds) អាចថតបានដល់ 6K/60fps ជាមួយលេន 28mm និងអាចលៃតម្រូវបានពី f/2.0 ដល់ f/11 ។
-
កាមេរ៉ា Telephoto 48MP ជាមួយលេន 70mm
-
កាមេរ៉ា Telephoto 50MP ជាមួយលេន 168mm
កាមេរ៉ាទាំងបីនេះគាំទ្រការថត 10-bit D-Log, D-Log M និង HLG ។
DJI Mavic 4 Pro ត្រូវបានបំពាក់ជាមួយថ្ម 95Wh អាចហោះបានរហូតដល់ 51 នាទី ជាមួយល្បឿនអតិបរមា 90km/h ។ លើសពីនេះ វាក៏ត្រូវបានបំពាក់មកជាមួយប្រព័ន្ធ ActiveTrack 360° ដែលអាចតាមដានវត្ថុនានានៅចម្ងាយ 200m ទោះបីជាត្រូវបានបិទបាំងក៏ដោយ។
ក្នុងនោះ DJI ក៏បានប្រកាសចេញនូវ DJI RC Pro 2 ផងដែរ ដែលជាឧបករណ៍បញ្ជាពីចម្ងាយដែលមានអេក្រង់ mini-LED ទំហំ ៧អ៊ីញ មានអង្គចងចាំ 128GB និងអាយុកាលថ្មរហូតដល់ 4 ម៉ោង គាំទ្រការផ្ទេរទិន្នន័យតាម Wi-Fi 6 ក្នុងល្បឿន 80MB/s និង USB-C ជាមួយជម្រើសកញ្ចប់តម្លៃចំនួន ៣ នៅក្នុងទីផ្សារអឺរ៉ុបរួមមាន៖
-
កញ្ចប់ស្ដង់ដារ (€2,100) ប្រហែល 2,270 ទៅ 2,300 ដុល្លារ
-
Fly More Combo (€2,700) ប្រហែល 2,910 ដុល្លារ
-
Creator Combo (€3,540) ប្រហែល 3,820 ដុល្លារ
គួរបញ្ជាក់ថា DJI Mavic 4 Pro នឹងមិនចេញលក់នៅក្នុងទីផ្សារអាមេរិកនោះឡើយ៕