ទេសចរបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ រួច នឹងត្រូវបានអនុញ្ញាតឲ្យចូលកម្សាន្តខេត្តចំនួន ៦ នៅក្នុងប្រទេសថៃ វិញ ដែលនឹងចាប់ផ្តើមនៅខែក្រោយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកដែលទទួលបានវ៉ាក់សាំងទាំងឡាយនោះ នៅតែត្រូវធ្វើចត្តាឡីស័ក្កដដែល។ យ៉ាងណាក៏ដោយ រយៈពេលនៃការធ្វើចត្តាឡីស័ក្ក ត្រូវបានកាត់បន្ថយពី ១៤ មកសល់ត្រឹម ៧ថ្ងៃវិញ សម្រាប់ពួកគេ។
នៅខែកក្កដា ភូកេត នឹងក្លាយជាខេត្តដំបូងគេដែលលើកលែងលក្ខខណ្ឌធ្វើចត្តាឡីស័ក្កសម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំង ដែលជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្នុងការបើកប្រទេសឡើងវិញ។
កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា លោក Phiphat Ratchakitprakarn បាននិយាយថាមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពសេដ្ឋកិច្ច (CESA) ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចាបានអនុម័តលើផែនទីបង្ហាញផ្លូវ ៣ ដំណាក់កាល ដើម្បីបើកឡើងវិញនូវខេត្តទេសចរណ៍សំខាន់ៗ ចំនួន ៦ គឺ ភូកេត ក្រាបប៊ី ផាងណា ស៊ូរ៉ាតថានី (កោះសាមុយ) ឆុនបូរី (ប៉ាតាយ៉ា) និងឈៀងម៉ៃ ឲ្យភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចចូលកម្សាន្តឡើងវិញ៕