ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិឡើងវិញបន្ទាប់ពីការឈប់សម្រាករយៈពេលយូរ ដោយការហោះហើរលើកដំបូងរបស់ខ្លួនបានទៅដល់ ទីក្រុង Da Nang ពីកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍។
អ្នកដំណើរជាង ២០០ នាក់ បានធ្វើដំណើរមកពីតៃប៉ិ ដោយពួកគេទាំងអស់បានចំណាយប្រាក់ពីហោប៉ៅរបស់ពួកគេ សម្រាប់ការធ្វើចក្តាឡីស័ក្ត និងការធ្វើតេស្តកូវីដ១៩ ពេលចុះចត។
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ការហោះហើរនេះបានកត់សម្គាល់ពីការចាប់ផ្តើម នៃការហោះហើរពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បន្ទាប់ពីការផ្អាកមួយរយៈ ដោយសារតែបញ្ហាជំងឺកូវីដ១៩”។
គួរឲ្យដឹងថា មុនពេលចេញដំណើរ អ្នកដំណើរទាំងអស់ត្រូវបង្ហាញលិខិតដែលបង្ហាញថា ពួកគេបានធ្វើតេស្តអវិជ្ជមានចំពោះជំងឺកូវីដ១៩ ដោយផ្អែកលើការធ្វើតេស្ត RT-PCR ដែលបានធ្វើ ៣ ថ្ងៃមុនពេលហោះហើរ។
មិនតែប៉ុណ្ណោះ ពួកគេក៏ត្រូវបញ្ជូនឯកសារសម្រាប់ការធ្វើចត្តាឡីស័ក្ក នៅក្នុងប្រទេសវៀតណាម និងតំឡើងកម្មវិធី Bluezone ដែលនឹងបង្ហាញ ប្រសិនបើមនុស្សម្នាក់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកជំងឺកូវីដ១៩។ បន្ទាប់មកទៀត ពួកគេទាំងអស់ត្រូវបានធ្វើតេស្តម្តងទៀតនៅពេលចុះចត ហើយនឹងត្រូវធ្វើតេស្តម្តងទៀត នៅ ៦ ថ្ងៃក្រោយ៕