យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Xiaomi Corp ក្រោងនឹងផលិតរថយន្តអគ្គិសនី ដោយប្រើប្រាស់រោងចក្ររបស់ក្រុមហ៊ុន Great Wall Motor Co Ltd។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះបានកើនឡើងជាង ៩ ភាគរយ នៅរសៀលថ្ងៃសុក្រ បន្ទាប់ពី Reuters បានរាយការណ៍ពីផែនការនេះ។ ភាគហ៊ុននៅហុងកុងរបស់ក្រុមហ៊ុន Great Wall បានកើនឡើងជាង ១៥% ហើយភាគហ៊ុននៅសៀងហៃ បានកើនឡើងដល់កម្រិតកំណត់ប្រចាំថ្ងៃ ១០% ផងដែរ។
ប្រភពព័ត៌មានបានបន្ថែមថា Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបង្អស់មួយនៅលើពិភពលោក កំពុងពិភាក្សាដើម្បីប្រើប្រាស់រោងចក្រមួយរបស់ក្រុមហ៊ុន Great Wall នៅក្នុងប្រទេសចិន ដើម្បីផលិតរថយន្តអគ្គិសនី នៅក្រោមម៉ាកយីហោផ្ទាល់ខ្លួន។
ប្រភពខាងលើបានបន្តទៀតថា ក្រុមហ៊ុន Xiaomi នឹងផ្តោតរថយន្តអគ្គិសនីរបស់ខ្លួន ទៅលើទីផ្សារដ៏ធំទូលាយ ដើម្បីឲ្យស្របតាមទីតាំងដ៏ទូលំទូលាយនៃផលិតផលអេឡិចត្រូនិចរបស់ខ្លួនផងដែរ៕