ស្ថាបនិកកម្មវិធីផ្ញើសារ Telegram លោក Pavel Durov បាននិយាយកាលពីថ្ងៃអង្គារថា Telegram បានប្រមូលប្រាក់បានជាង ១ ពាន់លានដុល្លារ តាមរយៈការលក់សញ្ញាប័ណ្ណ ឬ មូលបត្របំណុល (bond sales) ដល់វិនិយោគិនជាច្រើន។
ការលក់ខាងលើគឺរួមបញ្ចូលទាំងការវិនិយោគសរុប ចំនួន ១៥០ លានដុល្លារអាមេរិក ក្រុមហ៊ុន Mubadala Investment និង Abu Abu Dhabi Catalyst Partners ដែលជាកម្មសិទ្ធិមួយផ្នែកនៃមូលនិធិរដ្ឋ Abu Dhabi ផងដែរ។
បើទោះបីជាក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិតអំពីវិនិយោគិនផ្សេងទៀតរបស់ខ្លួនក៏ដោយ តែលោក Durov បាននិយាយថា ពួកគេមានទាំង “វិនិយោគិនធំៗ និងមានចំណេះដឹងច្រើនបំផុត មកពីទូទាំងពិភពលោក”។
លោក Durov បាននិយាយបន្ថែមថា លុយទាំងនេះនឹងត្រូវប្រើដើម្បីជួយដល់ផែនការពង្រីក ក៏ដូចជាជំរុញយុទ្ធសាស្ត្ររកប្រាក់ ដែលរួមបញ្ចូលទាំងផែនការ “Premium Plans” សម្រាប់អ្នកប្រើប្រាស់អាជីវកម្ម។
គួរឲ្យដឹងថា Telegram រួមជាមួយកម្មវិធីផ្ញើសារ Signal ត្រូវបានគេមើលឃើញថា មានការកើនឡើងនៃអ្នកប្រើប្រាស់នៅឆ្នាំនេះ ចំពេលមានការព្រួយបារម្ភអំពីភាពឯកជន នៅក្នុងកម្មវិធីគូប្រជែងធំ WhatsApp ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Facebook៕