កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ លោក Pavel Durov ដែលជាអ្នកសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Telegram ត្រូវបានអាជ្ញាធរក្នុងប្រទេសបារាំងចាប់ខ្លួនពីបទសង្ស័យថា លោកបានប្រើប្រាស់កម្មវិធី Telegram ក្នុងគោលបំណងអាក្រក់សម្រាប់សកម្មភាពខុសច្បាប់មួយចំនួន បន្ទាប់ពីការចុះចតយន្តហោះឯកជនរបស់ខ្លួននៅក្នុងអាកាសយានដ្ឋាន Le Bourget ក្បែរទីក្រុងប៉ារីស។
ចំពោះការចាប់ខ្លួនរបស់លោក Pavel Durov ត្រូវបានសង្ស័យថា លោកបានប្រើប្រាស់កម្មវិធី Telegram ក្នុងគោលបំណងអាក្រក់សម្រាប់សកម្មភាពដែលខុសច្បាប់មួយចំនួនដូចជាការក្លែងបន្លំព៌ត័មានរបស់អ្នកប្រើប្រាស់ ការជួញដូរគ្រឿងញៀន ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងសកម្មភាពភេរវកម្មជាដើម។ សម្រាប់ការចាប់ខ្លួនរបស់លោក Pavel Durov ត្រូវបានធ្វើឡើងដោយស្ថាប័ន Ofmin នៃប្រទេសបារាំង ដែលទទួលខុសត្រូវចំពោះការប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាលើអនីតិជន( An agency focused on combating violence against minors) ។
ខណៈនៅក្នុងពេលថ្មីៗនេះ សហភាពអឺរ៉ុប ក៏បានប្រកាសចេញច្បាប់ថ្មីៗជាច្រើនដែលកំពុងត្រូវបានដាក់អនុវត្ត ដើម្បីត្រួតពិនិត្យ និងការពាររាល់ទិន្នន័យរបស់អ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងតំបន់គ្រប់គ្រងរបស់ខ្លួនផងដែរ។ ស្របពេលជាមួយគ្នាក្នុងនេះដែរ ក្រុមហ៊ុន Telegram ផ្ទាល់ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការការពារឯកជនភាពរបស់អ្នកប្រើប្រាស់ផងដែរ។
គួរឲដឹងថា លោក Pavel Durov មានអាយុ ៣៩ឆ្នាំ ជាមហាសេដ្ឋីមានប្រាក់លើសពី ៩ពាន់លានដុល្លារ ដែលមានដើមកំណើតជាជនជាតិរុស្ស៊ី ហើយរស់នៅក្នុងទីក្រុងឌូបៃ។ គាត់មានសញ្ជាតិបារាំង និងអារ៉ាប់រួម ប៉ុន្តែស្ថានភាពសញ្ជាតិរុស្សីរបស់គាត់មិនមានការបង្ហាញនោះទេ។ ចំណែកកម្មវិធី Telegram គឺត្រូវបានបង្កើតឡើងដោយ Pavel Durov និងប្អូនប្រុសរបស់គាត់ Nikolai ផ្ទាល់ ដែលមានអ្នកប្រើប្រាស់ប្រមាណ ៩០០លាននាក់ នៅជុំវិញពិភពលោក។