ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអាចនឹងខាតបង់លុយច្រើនជាង ១៥ ទ្រីលានដុង (ប្រហែល ៦៤៩ លានដុល្លារ) នៅឆ្នាំ ២០២១ នេះ ដោយសារតែការផ្អាកជើងហោះហើរអន្តរជាតិពាណិជ្ជកម្ម។
សមាគមអាជីវកម្មអាកាសចរណ៍វៀតណាម Vietnam Aviation Business Association បាននិយាយនៅក្នុងរបាយការណ៍ដែលបានផ្ញើទៅក្រសួងផែនការ និងវិនិយោគវៀតណាមថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកបានប្រកាសពីការខាតបង់អស់ជាង ១៨ ទ្រីលានដុង កាលពីឆ្នាំមុន ដោយប្រាក់ចំណូលបានធ្លាក់ចុះចំនួន ១០០ ទ្រីលានដុង បើប្រៀបធៀបទៅនឹងឆ្នាំមុនមួយទៀត។
គួរឲ្យដឹងថា ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនក្នុងស្រុក បានដឹកអ្នកដំណើរអន្តរជាតិត្រឹមតែ ៦៦ ៦០០ នាក់ប៉ុណ្ណោះ គឺធ្លាក់ចុះ ៩៨,៨ ភាគរយ។
សមាគមខាងលើបានស្នើសុំម្តងហើយម្តងទៀតចំពោះជំនួយឥណទានពីរដ្ឋាភិបាល។ ក្នុងនោះដែរ ក្រុមហ៊ុនអាកាសចរណ៍កម្រិតថវិកា Vietjet Air បានស្នើសុំកញ្ចប់ឥណទានចំនួន ៤-៥ ទ្រីលានដុង សម្រាប់រយៈពេល ២០២១-២០២៣ ដោយមានអត្រាការប្រាក់ ៤ ភាគរយ៕