បន្ទាប់ពីបានប្រកាសចេញនូវស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួនគឺ Redmi Turbo 4 នៅក្នុងខែមករា, ពេលនេះ ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការថា ស្មាតហ្វូន Redmi Turbo 4 Pro របស់ពួកគេនឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី ២៤ ខែមេសា ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ Redmi Turbo 4 Pro នឹងទទួលបាននូវអេក្រង់ LTPS OLED ទំហំ 6.83 អ៊ីញ មានកម្រិតភាពច្បាស់ 1.5K ដំណើរការដោយបន្ទះឈីប Snapdragon 8s Gen 4 មាន RAM ដល់ទៅ 16GB ដែលអាចគ្រប់គ្រងកម្មវិធីជាច្រើនក្នុងពេលតែមួយបានយ៉ាងមានប្រសិទ្ធភាព និងអង្គផ្ទុកទិន្នន័យ UFS 4.0 ដល់ទៅ 1TB ។ លើសពីនេះ មិនត្រឹមតែមាន Specs ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានថាមពលថ្មធំដល់ទៅ 7,550 mAh ទៀតផង និងគាំទ្រការសាកលឿនកម្លាំង 90W រួមជាមួយអាវការពារទឹក និងធូលី IP66 + IP68 + IP69 ថែមទៀតផង។
ទៅលើផ្នែកកាមេរ៉ាវិញ Redmi Turbo 4 Pro នឹងទទួលបាននូវកាមេរ៉ាមេទំហំ 50 MP មានមុខងារទប់លំនឹង OIS រួមជាមួយនឹងលេន ultrawide 8MP នៅផ្នែកខាងក្រោយ និងកាមេរ៉ាមុខទំហំ 20 MP សម្រាប់ថតរូប Selfie ។ សម្រាប់ការរចនារបស់ទូរស័ព្ទនេះនឹងមានកម្រាស់ ៧,៩៨ ម.ម ទម្ងន់ ២១៩ក្រាម និងជម្រើសពណ៌ស ខ្មៅ និងបៃតង ជាមួយតម្លៃលក់ចាប់ពី ២៩០ ដុល្លារ នៅក្នុងប្រទេសចិន៕