ក្រុមហ៊ុន Xpeng បានប្រកាសពីរថយន្តអគ្គិសនីតម្លៃសមរម្យម៉ូដែល Mona M03 របស់ខ្លួន ដោយបានផលិតរថយន្តលេខរៀងទី 100,000 ក្នុងរយៈពេលត្រឹមតែ 216 ថ្ងៃបន្ទាប់ពីបើកលក់ជាផ្លូវការនៅទីផ្សារ។ កំណត់ត្រាថ្មីនេះបានធ្វើឱ្យ Xpeng ក្លាយជាក្រុមហ៊ុនផលិតរថយន្ត EV Startup ដែលមានល្បឿនផលិតលឿនជាងគេនៅចិន។
ក្រុមហ៊ុនបានប្រកាសអំពីការសម្រេចនេះនៅថ្ងៃទី 31 មិនា ឆ្នាំ 2025 ហើយបានបង្ហាញពីភាពជោគជ័យនៃរថយន្ត Sedan ដែលមានរចនាម៉ូដប្រជែង Tesla Model 3 ដែលបានចាប់ផ្តើមដំបូងនៅថ្ងៃទី 27 សីហា ឆ្នាំ 2024។ ដោយមានតម្លៃចន្លោះពី 16,800 ដុល្លារ ដល់ 21,850 ដុល្លារអាមេរិក រថយន្តនេះបានទទួលការបញ្ជាទិញជាក់លាក់លើស 10,000 គ្រឿងក្នុងរយៈពេលត្រឹមតែ 52 នាទីបន្ទាប់ពីព្រឹត្តិការណ៍បើកបង្ហាញនៅទីក្រុងប៉េកាំង។
Mona M03 មានផ្ទៃក្នុងបែបសាមញ្ញដូច Tesla ដោយមានអេក្រង់ infotainment ទំហំ 15.6 អ៊ីង ដែលដំណើរការដោយឈីប Qualcomm Snapdragon 8155 និងមាន RAM ទំហំ 16GB។ ចំណែកឯ Xpeng ផ្តល់ជម្រើសផ្ទាល់ខ្លួនច្រើនជាង Tesla ដូចជា ឧបករណ៍បញ្ចេញក្លិន, កៅអី memory foam និងពណ៌ផ្ទៃក្នុងជាច្រើនជម្រើស។
ទំហំរថយន្តធំជាង Model 3 បន្តិច ដោយវាមានទំហំបណ្តោយ 4780 មម / ទទឹង 1896 មម / កម្ពស់ 1445 មម ខាងក្រោយមានទំហំ 621 លីត្រ ហើយអាចពង្រីកដល់ 1602 លីត្រ បើបត់កៅអីក្រោយ។ ទម្រង់អេរ៉ូឌីណាមិចរបស់រថយន្តមានមាត្រដ្ឋានមេគុណកកិតខ្យល់ត្រឹមតែ 0.194 ដែលជួយបន្ថែមប្រសិទ្ធភាពនៃការរត់ល្បឿននិងសន្សំសំចៃអគ្គិសនី។
រថយន្តនេះមានជម្រើសម៉ូទ័រ FWD ហើយក៏មានដល់ទៅ 3ម៉ូដែល៖
1.515 Long Battery Life: មានថ្ម 51.8 kWh អាចបើកបរបានចម្ងាយ 515 គីឡូម៉ែត្រ បំពាក់ម៉ូទ័រមុខកម្លាំងផលិតកម្លាំងបាន 140 គីឡូវ៉ាត់ (kW)។
2. 620 Long Battery Life: មានថ្ម 62.2 kWh អាចបើកបរបានចម្ងាយ 620 គីឡូម៉ែត្រ បំពាក់ម៉ូទ័រមុខកម្លាំង 160 គីឡូវ៉ាត់ (kW)។
3. 580 Max: មានថ្ម 62.2 kWh អាចបើកបរបានចម្ងាយ 580 គីឡូម៉ែត្រ បំពាក់ម៉ូទ័រមុខកម្លាំង 160 គីឡូវ៉ាត់ (kW) និងបំពាក់នូវបច្ចេកវិទ្យាជំនួយបើកបរដែលមានសមត្ថភាពខ្ពស់ជាងម៉ូដែលមុនៗ។ ជាមួយនឹងថ្ម lithium iron phosphate របស់ BYD FinDreams។
គ្រប់ម៉ូដែលមានបំពាក់បច្ចេកវិទ្យាដ៏សម្បើម រួមមាន radar 2គ្រាប់, ultrasonic sensor 12គ្រាប់ និងកាមេរ៉ា 7គ្រាប់ ដែលគាំទ្រ L2 Autonomous Driving។ ម៉ូដែលកំពូលគេគឺ Max នឹងចាប់ផ្តើមប្រគល់ជូនក្រោយចូលឆ្នាំចិន ឆ្នាំ 2025 មានសមត្ថភាពបើកបរប្រកបដោយបញ្ញាសិប្បនិម្មិតកាន់តែខ្ពស់ដែល Xpeng អះអាងថាមិនមានគូប្រកួតក្នុងចំណោមរថយន្តមានតម្លៃក្រោម 28,000ដុល្លារ ទេ។
កំណត់ត្រាផលិតនេះបង្ហាញពីការលូតលាស់មាំមួនរបស់ Xpeng នៅក្នុងទីផ្សាររថយន្តអគ្គិសនីប្រកួតប្រជែងរបស់ចិន Mona M03 ត្រូវបានដាក់ជាជម្រើសតម្លៃសមរម្យសម្រាប់ប្រជែងជាមួយ Tesla Model 3 និងក្រុមហ៊ុនក្នុងស្រុកផ្សេងទៀត។