ASUS បានប្រកាសអំពីការចេញលក់កុំព្យូទ័រយួរដៃលេងហ្គេមថ្មី ROG Zephyrus M16 Air 2025 នៅប្រទេសចិន ដែលមានតម្លៃប្រហែល 23,999 យ៉េន (ប្រមាណ 3,307 ដុល្លារអាមេរិក)។ កុំព្យូទ័រនេះ នឹងធ្វើការបញ្ជាទិញជាមុនចាប់ពីថ្ងៃទី 31 ខែមីនា ហើយរំពឹងថានឹងចេញលក់នៅតាមទីផ្សារបានអន្តរជាតិក្នុងពេលឆាប់ៗ។ Zephyrus M16 Air 2025 ត្រូវបានរចនាឡើងសម្រាប់អ្នកលេងហ្គេម និងអ្នកប្រើប្រាស់ដែលត្រូវការកុំព្យូទ័រយួរដៃដែលមានសមត្ថភាពខ្លាំង តែមានទំហំស្តើង និងមានទម្ងន់ស្រាលត្រឹមតែ 1.95 គីឡូក្រាមប៉ុណ្ណោះ។
សម្រាប់ការរចនា ASUS បានប្រើសម្ភារៈអាលុយមីញ៉ូម CNC ដើម្បីធ្វើឲ្យកុំព្យូទ័រមានភាពរឹងមាំ និងស្អាត។ វាមានពណ៌ Eclipse Grey និង Platinum White ដែលទាក់ទាញជាមួយគម្របខាងក្រោយបំពាក់ LED Matrix “Space-Time Rift” ដែលអាចប្ដូរពណ៌បាន។ វាមានអេក្រង់ OLED Nebula Display ទំហំ 16 អ៊ីញ 240Hz ផ្តល់នូវកម្រិតភាពច្បាស់ 2.5K ជាមួយនឹង response time 0.2ms ដែលអាចធានាបាននូវភាពរលូននៅក្នុងការលេងហ្គេម។ បន្ថែមពីនេះ វាក៏មានកម្រិតពន្លឺ 500 nits និងគាំទ្រ Dolby Vision ផងដែរ ព្រមទាំង 100% DCI-P3 color gamut ទៀតផង ដែលអាចបង្ហាញពណ៌បានត្រឹមត្រូវ និងល្អឥតខ្ចោះ។
កុំព្យូទ័រយួរដៃនេះ ដំណើរការដោយបន្ទះឈីប Intel Core Ultra 9-285H មាន 16-core និង GPU NVIDIA RTX 5080 ជាមួយ 130W TGP ដែលផ្តល់កម្លាំងខ្លាំងសម្រាប់ការលេងហ្គេម។ វាមានអង្គចងចាំ 32GB LPDDR5X RAM និងអង្គផ្ទុក 1TB PCIe 4.0 SSD ។ ក្នុងនោះ ដើម្បីរក្សាភាពត្រជាក់ក្នុងអំឡុងប្រតិបត្តិការ ASUS បានប្រើបច្ចេកវិទ្យា Glacier Cooling 3.0 ដែលរួមមានកង្ហារ Arc Flow ចំនួន ២ ពីរ និងប្រព័ន្ធ vapor chambers ដែលអាចបណ្តេញកម្តៅបានល្អ។
ចំពោះការតភ្ជាប់ Zephyrus M16 Air 2025 មានរន្ធ Thunderbolt 4 ចំនួន ២ (40Gbps, 100W PD), រន្ធ HDMI 2.1 (8K@60Hz), រន្ធ USB-A ចំនួន ១ (10Gbps), UHS-II SD និង WiFi 6E ។ លើសពីនេះ វាក៏មានប្រព័ន្ធសំឡេង 6-speaker Dolby Atmos, ក្តារចុច RGB backlit ជាមួយ key travel 1.7mm ផងដែរ និងថាមពលថ្ម 90Wh គាំទ្រការសាកលឿន 100W តាមរយៈ USB-C។
ជាសរុប, ROG Zephyrus M16 Air 2025 គឺជាកុំព្យូទ័រយួរដៃលេងហ្គេមស្តើងបំផុតមួយដែលមានកម្លាំងខ្លាំងដែលអាចផ្តល់បទពិសោធន៍ល្អសម្រាប់អ្នកដែលត្រូវការកុំព្យូទ័រដែលទាន់សម័យ និងមានសមត្ថភាពខ្ពស់៕