ក្រុមហ៊ុន OpenAI បានប្រកាសបញ្ចេញនូវមុខងារបង្កើតរូបភាពថ្មីក្នុង ChatGPT ដែលផ្តល់នូវលទ្ធផលមានភាពជាក់ស្តែង និងត្រឹមត្រូវជាងមុន។ មុខងារថ្មីនេះ ដំណើរការដោយ GPT-4o ដែលអាចបង្កើតរូបភាពតាមការពណ៌នារបស់អ្នកប្រើប្រាស់ ជាមួយនឹងព័ត៌មានលម្អិតដូចជា ពណ៌ សមាមាត្រ ទិដ្ឋភាព និងផ្ទៃខាងក្រោយ។
គួរឲដឹងថា កាលពីមុន OpenAI បានប្រើ DALL-E ដើម្បីបង្កើតរូបភាព ប៉ុន្តែវាមានកំហុសមួយចំនួនដែលធ្វើឱ្យងាយស្គាល់ថាជារូបភាពបង្កើតដោយ AI។ ចំណែកឯការអាប់ដេតថ្មីនេះ បានធ្វើឱ្យគុណភាពរូបភាពប្រសើរឡើង ជាមួយនឹងការបង្ហាញលម្អិតដែលមានតម្លាភាព និងស្តង់ដារខ្ពស់ជាងមុន។
ចំពោះមុខងារថ្មីនេះ អាចប្រើប្រាស់បានសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទរួមមាន Plus, Pro, Team និង Free។ ក្នុងនោះ OpenAI បានបញ្ជាក់ថា ការអាប់ដេតនេះនឹងជួយបង្កើនសេរីភាពច្នៃប្រឌិត ដោយផ្តល់នូវរូបភាពដែលមានគុណភាពខ្ពស់ និងភាពទំនើបបំផុត។ ទោះយ៉ាងណាក៏ដោយ នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman ក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងបន្តតាមដាន និងកែលម្អបន្ថែមទៀត ដើម្បីធ្វើឱ្យបច្ចេកវិទ្យានេះប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់៕