កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន deltaH Innovations ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមកពីទីក្រុងឡុងដ៍ ដែលមានសមត្ថភាពខ្លាំងក្នុងវិស័យបំប្លែងថាមពលកម្ដៅ និងបច្ចេកវិទ្យាត្រជាក់ដោយខ្លួនឯង បានដាក់បង្ហាញចេញនូវបច្ចេកវិទ្យាថ្មីមួយដែលគេឲឈ្មោះថា self-cooling technology ។ ចំពោះច្ចេកវិទ្យានេះ ត្រូវបានប្រើប្រាស់ក្នុងការផលិតភេសជ្ជៈមួយឈ្មោះថា Cool Can ។ វាត្រូវបានរចនាឡើងសម្រាប់អ្នកដែលចូលចិត្តផឹកភេសជ្ជៈត្រជាក់។ ខណៈការប្រើប្រាស់របស់វាគឺគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះនៅក្រោមបាតកំប៉ុង។
បើក្រលេកទៅមើលវិធីដែលបច្ចេកវិទ្យានេះបានធ្វើក្នុងការបង្កើតភេសជ្ជៈកំប៉ុង Cool Can គឺវាប្រើប្រាស់នូវអំបិល និងទឹក ដើម្បីបង្កើតប្រតិកម្មកម្ដៅធម្មជាតិ ដែលបណ្ដាលឲ្យសីតុណ្ហភាពរបស់ភេសជ្ជៈធ្លាក់ចុះពី 22°C ទៅ 6 ឫ 7°C។ ក្នុងនោះ ភេសជ្ជៈកំប៉ុងមួយនេះអាចរក្សាសីតុណ្ហភាពត្រជាក់រហូតដល់ 45 នាទី ឯណ្ណោះ ហើយវាក៏មានសូចនាករ ឫ Indicator ពិសេសសម្រាប់ប្ដូរពណ៌ដើម្បីបញ្ជាក់ថាការត្រជាក់បានបញ្ចប់ថែមទៀតផង។
លើសពីនេះទៅទៀត វាក៏អាចកែច្នៃឡើងវិញបាន 100% ផងដែរ ដោយប្រើសារធាតុអាលុយមីញ៉ូមជាមូលដ្ឋាន។ ខណៈពេលបច្ចុប្បន្ននេះ Cool Can គឺស្ថិតនៅក្នុងដំណាក់កាលប៉ាតង់នៅឡើយនោះទេ ហើយក្រុមហ៊ុនផ្ទាល់ក៏កំពុងស្វែងរកដៃគូដើម្បីបោះចេញទៅលក់នៅក្នុងទីផ្សារផងដែរ តែបើតាមស្ថាបនិករបស់ក្រុមហ៊ុន deltaH Innovations ផ្ទាល់គឺលោក James Vyse បានឲ្យដឹងថា គំនិតនេះគឺកើតចេញពីបញ្ហារបស់អ្នកប្រើប្រាស់ដែលចង់បានភេសជ្ជៈត្រជាក់ពិតប្រាកដ ទោះបីជាមិនមានទូរទឹកកកក៏ដោយ៕