ក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុងប៉េកាំងរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple គឺលោក Tim Cook បានប្រកាសបង្កើតមូលនិធិថាមពលស្អាតថ្មីមួយនៅក្នុងប្រទេសចិនដែលមានតម្លៃប្រមាណ 720 លានយន់ ឫ 99.22 លានដុល្លារ។
គំនិតផ្តួចផ្តើមនេះកើតឡើងស្របតាមការជំរុញរបស់ប្រទេសចិនសម្រាប់បច្ចេកវិទ្យាបៃតង ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់សម្រាប់ផលិតផលរបស់ Apple និងពង្រឹងតួនាទីរបស់ Apple ក្នុងការជំរុញគោលដៅបរិស្ថានពិភពលោក។ ក្នុងនោះ Apple ផ្ទាល់ មានគោលដៅផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនទៅជាថាមពលកកើតឡើងវិញ 100% នៅឆ្នាំ 2030។
ខណៈការវិនិយោគលើថាមពលកកើតឡើងវិញនេះ គឺជាអាទិភាពមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ដែលបានធ្វើការប្តេជ្ញាចិត្តយ៉ាងសំខាន់រួចហើយក្នុងការកាត់បន្ថយបរិស្ថានជុំវិញពិភពលោក។ ចំណែកចំណាត់ការចុងក្រោយរបស់ Apple នេះបានគូសបញ្ជាក់ពីយុទ្ធសាស្ត្រនិរន្តរភាពរយៈពេលវែង និងការប្តេជ្ញាចិត្តក្នុងការទទួលយកថាមពលស្អាតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន៕