កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា ប្រហែលជានឹងបញ្ចូលកាមេរ៉ាទៅក្នុងនាឡិកាដៃឆ្លាតវៃ Apple Watch របស់ខ្លួនក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដោយដំណើរការជាមួយមុខងារ AI ថ្មី សម្រាប់ធ្វើប្រតិបត្តិការ នេះបើយោងតាមលោក Mark Gurman របស់ Bloomberg ។
ក្នុងនោះ សម្រាប់ Apple Watch Series ត្រូវបានគេអះអាងថានឹងទទួលបាននូវកាមេរ៉ាបង្កប់នៅក្នុងអេក្រង់ ចំណែក Apple Watch Ultra វិញ ប្រហែលជាមានកាមេរ៉ានៅជិតប៊ូលតុន digital crown ។
ចំពោះលក្ខណៈពិសេសរបស់កាមេរ៉ានេះ អាចនឹងប្រើប្រាស់សម្រាប់ការសង្កេតមើលបរិយាកាសជុំវិញ និងផ្តល់ព័ត៌មានអំពីបរិបទជាក់ស្តែង ដោយប្រើ AI ដើម្បីជួយដល់អ្នកប្រើប្រាស់។ លើសពីនេះ Apple ក៏កំពុងស្រាវជ្រាវអំពីបច្ចេកវិទ្យាកាមេរ៉ាសម្រាប់ AirPods ផងដែរ ដោយមានគោលបំណងបន្ថែមសមត្ថភាពឆ្លាតវៃបន្ថែមក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
គួរបញ្ជាក់ថា ការចូលរួមរបស់ Apple ក្នុងផ្នែក AI ទៅលើផលិតផលរបស់ខ្លួនគឺកំពុងកើនឡើងយ៉ាងខ្លាំង ដោយពួកគេផ្តោតទៅលើការវិវឌ្ឍបច្ចេកវិទ្យា Visual Intelligence ដែលអាចស្គាល់ទីតាំង ព័ត៌មាន រូបរាង និងលក្ខណៈផ្សេងៗ ស្របពេលដែលបច្ចុប្បន្ននេះ Apple ក៏កំពុងអភិវឌ្ឍម៉ូដែល AI ផ្ទាល់ខ្លួនផងដែរ ដោយរំពឹងថានឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ 2027 ជាមួយ Apple Watch និង AirPods ថ្មីៗ។
ខណៈផែនការនេះ គឺជាផ្នែកមួយនៃការបន្តជំរុញ AI ក្នុងឧស្សាហកម្មបច្ចេកវិទ្យារបស់ Apple ដែលដឹកនាំដោយលោក Mike Rockwell និងត្រូវបានរំពឹងថា AI នឹងរួមចំណែកដល់ការអាប់ដេត Siri និង visionOS ដែលអាចគាំទ្រវ៉ែនតា AR ឆ្លាតវៃក្នុងពេលអនាគត៕