ក្រុមហ៊ុណ Facebook និយាយថា ខ្លួនកំពុងធ្វើការលើកម្មវិធី Instagram របស់ខ្លួន សម្រាប់ក្មេងៗអាយុក្រោម ១៣ ឆ្នាំ ដែលមិនត្រូវបានអនុញ្ញាតតាមបច្ចេកទេសដើម្បីប្រើប្រាស់កម្មវិធីនេះក្នុងទម្រង់បច្ចុប្បន្ន ដោយសារបទបញ្ជាឯកជនរបស់សហព័ន្ធ។
ក្រុមហ៊ុនបានបញ្ជាក់ពីរបាយការណ៍ដែលបានចេញផ្សាយដោយសារព័ត៌មាន Buzzfeed កាលពីថ្ងៃសុក្រ ទី១៩ ខែមីនា ដោយនិយាយថា ខ្លួនកំពុងស្វែងរកបទពិសោធន៍មួយដែលគ្រប់គ្រងដោយឪពុកម្តាយ នៅលើ Instagram។
ជំហានមួយនេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Facebook បានប្រកាសនូវវិធានការណ៍ថ្មីៗ ដែលមានគោលបំណងដើម្បីការពារក្មេងជំទង់ ឲ្យមានសុវត្ថិភាពនៅលើ Instagram ប៉ុន្តែការប្រកាសនោះមិនបាននិយាយអំពីផែនការដើម្បីបង្កើត Instagram សម្រាប់កុមារទេ។
យ៉ាងណាមិញ ក្រុមអ្នករិះគន់បានលើកឡើងពីការព្រួយបារម្ភភ្លាមៗ ដោយនិយាយថា បណ្តាញសង្គម Instagram សម្រាប់ក្មេង គឺគ្រាន់តែជាវិធីមួយសម្រាប់ Facebook ក្នុងការពង្រីកអ្នកប្រើប្រាស់ និងដាក់លក្ខខណ្ឌកុមារ ឲ្យប្រើប្រាស់ផលិតផលរបស់ខ្លួន ដូច្នេះវាអាចរកលុយបាននៅពេលក្រោយប៉ុណ្ណោះ៕