ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast និង Foxconn របស់តៃវ៉ាន់ កំពុងពិភាក្សាអំពីភាពជាដៃគូជំនួសវិញបន្ទាប់ពីក្រុមហ៊ុន Foxconn បានព្យាយាមចចារទិញយកក្រុមហ៊ុនរថយន្តអគ្គិសនីរបស់វៀតណាម។
ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ប្រភពពីរដែលនិយាយថា ក្រុមហ៊ុនផលិតកិច្ចសន្យាធំជាងគេបំផុតនៅលើពិភពលោក Foxconn បានធ្វើការដេញថ្លៃទិញលើក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Vingroup ដែលជាក្រុមហ៊ុនធំជាងគេរបស់វៀតណាម។
ជាមួយគ្នានេះដែរ ប្រភពមួយក្នុងចំណោមនោះ បាននិយាយថា VinFast ចង់បានភាពជាដៃគូជាង ព្រោះវាចង់ធ្វើម៉ាកយីហោខ្លួនឯង ជាក្រុមហ៊ុនផលិតរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន និងចង់រក្សាអាជីវកម្មយានយន្តអគ្គិសនី។
គួររំលឹកឲ្យដឹងដែរថា កាលពីខែមករា VinFast បានបញ្ចេញរថយន្តបើកបរដោយខ្លួនឯង ចំនួន ៣ ម៉ូដែល ដោយគេរំពឹងថាវានឹងវាយលុកទីផ្សារនៅចុងឆ្នាំនេះ៕