ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកបានប្រកាសថា ពួកគេនឹងបើកដំណើរការតំបន់ និងសេវាកម្ម Cloud ដំបូងរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី នៅពាក់កណ្តាលឆ្នាំ ២០២៥ ខាងមុខនេះ។
ចំពោះការវិនិយោគនេះ គឺមានរយៈពេល ៤ ឆ្នាំ ជាមួយចំនួនទឹកប្រាក់សរុប ២.២ ពាន់លានដុល្លារ ដើម្បីពង្រីកសេវាកម្ម Cloud និង AI នៅក្នុងប្រទេសម៉ាឡេស៊ី។ ក្នុងនោះ ការវិនិយោគនេះក៏រួមបញ្ចូលនូវមជ្ឈមណ្ឌលទិន្នន័យចំនួន ៣ ផងដែរ ដែលមានទីតាំងនៅក្នុងទីក្រុង Kuala Lumpur ។
ជាមួយគ្នានេះ សម្រាប់ការវិនិយោគនេះ ត្រូវបានរំពឹងថានឹងបង្កើតប្រាក់ចំណូលប្រមាណ ១០.៩ ពាន់លានដុល្លារ និងការងារជាង ៣៧,០០០ កន្លែង នៅក្នុងប្រទេសម៉ាឡេស៊ី។ ដែលនេះអាចជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យារបស់ប្រទេសមួយនេះ ឲ្យក្លាយជាមជ្ឈមណ្ឌល Cloud និង AI ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអាចនឹងនាំមុខប្រទេសថៃ និងឥណ្ឌូនេស៊ី ក្នុងពេលអនាគត។
ខណៈពេលដែលប្រទេសកម្ពុជាយើងវិញ ក៏អាចទាញផលប្រយោជន៍បានពីការវិនិយោគនេះផងដែរ ដោយសារការកើនឡើងនៃការប្រើប្រាស់សេវាកម្ម Cloud និង AI នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕