ក្រុមហ៊ុន Uber កាលពីថ្ងៃអង្គារកន្លងទៅនេះបាននិយាយថា ខ្លួនកំពុងផ្តល់ឋានៈជាបុគ្គលិកដល់អ្នកបើកបរ Uber នៅអង់គ្លេសរបស់ខ្លួន ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន រួមទាំងប្រាក់ឈ្នួលអប្បបរមា ដែលវាជាការផ្តល់ជូនដំបូងគេបង្អស់លើលោក។
រយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូល ក្រុមហ៊ុន Uber បាននិយាយថា អ្នកបើកបររបស់ខ្លួន នឹងទទួលបានប្រាក់ឈ្នួលសម្រាប់ថ្ងៃឈប់សម្រាក និងប្រាក់សោធន ផងដែរ។
ការផ្តល់ជូននេះ គឺជាការផ្លាស់ប្តូរយ៉ាងខ្លាំងនូវគំរូអាជីវកម្មរបស់ក្រុមហ៊ុន Uber ដែលបានប្រកែកនៅចំពោះមុខតុលាការកំពូលរបស់ចក្រភពអង់គ្លេស ថាអ្នកបើកបររបស់ខ្លួនធ្វើការដោយខ្លួនឯង (self-employed)។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ Uber បានឲ្យដឹងថា “អ្នកបើកបរជាង ៧០ ០០០នាក់នៅក្នុងចក្រភពអង់គ្លេស នឹងត្រូវបានគេចាត់ទុកជាកម្មករនិយោជិក ដោយទទួលបានប្រាក់ឈ្នួលអប្បបរមា សម្រាប់ការរស់នៅប្រចាំថ្ងៃ”៕