តាមរបាយការណ៍របស់ Counterpoint បាននិយាយថា ក្រុមហ៊ុន Huawei បានក្លាយជាក្រុមហ៊ុនទី១ ដែលមានចំណែកទីផ្សារស្មាតហ្វូនច្រើនជាងគេនៅក្នុងប្រទេសចិន ដោយបានកាន់កាប់ចំណែកទីផ្សារ ១៨,១ភាគរយ ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៤ កើនឡើង ១៥,៥ភាគរយ។ ក្នុងនោះ ការរីកចម្រើននេះត្រូវបានអះអាងថា បានសម្រេចដោយសារការលក់ម៉ូឌែល Nova 13 និង Mate 70 ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ពួកគេ។
ជាមួយគ្នានេះ ក្រុមហ៊ុនសំខាន់ៗផ្សេងទៀតដូចជា Xiaomi មានចំណែកទីផ្សារ ១៧,២ភាគរយ, Apple (17.1%), Vivo (16.3%), Honor (13.6%) និង Oppo (12.5%) តាមពីក្រោយ Huawei ។ បើទោះបីជាមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ ក៏ ក្រុមហ៊ុន Huawei នៅតែសម្រេចបានក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផ្ទាល់ខ្លួន និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីៗ ដែលអាចទាក់ទាញចិត្តដល់អ្នកប្រើប្រាស់។
គួរឲដឹងថា ទីផ្សារស្មាតហ្វូនចិនបានធ្លាក់ចុះ ៣,២ភាគរយ នៅក្នុងត្រីមាសចុងក្រោយ ប៉ុន្តែលទ្ធផលសរុបប្រចាំឆ្នាំ ២០២៤ មានកំណើន ១,៥ភាគរយ ខណៈ Counterpoint បានព្យាករណ៍ថាទីផ្សារនេះនឹងបន្តរីកចម្រើននៅឆ្នាំ ២០២៥ ជាបន្តបន្ទាប់ទៀត៕