លោក Ron Baron ដែលជាមហាសេដ្ឋីពាន់លានដុល្លារម្នាក់ បានលក់ភាគហ៊ុនចំនួន ១,៨ លានហ៊ុនចេញពីក្រុមហ៊ុន Tesla ក្នុងអំឡុងពេល ៦ ខែចុងក្រោយ ទោះបីជាលោកជឿជាក់ថា ភាគហ៊ុននឹងកើនឡើងដល់ ២ ០០០ ដុល្លារក្នុងមួយភាគហ៊ុន ក្នុងរយៈពេល ១០ ឆ្នាំខាងមុខក៏ដោយ។
លោក Baron ដែលជាម្ចាស់ភាគហ៊ុន Tesla ដ៏យូរលង់ម្នាក់ បានប្រាប់កាសែត CNBC ថា “វាពិតជាឈឺចាប់ណាស់ក្នុងការលក់ចំណែកនីមួយៗ”។
គួរឲ្យដឹងថា ក្រុមហ៊ុន Baron Capital របស់លោក Ron Baron បានកាន់កាប់ភាគហ៊ុនក្រុមហ៊ុន Tesla ច្រើនជាង ៦,១ លានហ៊ុន គិតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ។ ពួកគេបានទិញយកក្នុងតម្លៃជាមធ្យម ៤២,៣៤ ដុល្លារក្នុងមួយហ៊ុន។ លោក Baron បានប្រាប់ CNBC ថា ការលក់មានចំនួនសរុប ១,៧ លានហ៊ុន ប៉ុន្តែក្រុមហ៊ុនបាននិយាយថា វាមានចំនួន ១,៨ លាន។
សូមបញ្ជាក់ផងដែរថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើង ៣៣៨% កាលពីមួយឆ្នាំមុន ដល់ ៦៥៣,២០ ដុល្លារក្នុងមួយហ៊ុន។ គិតមកត្រឹមពេលនេះ ទីផ្សារមូលធនរបស់វាគឺប្រហែល ៦១៩,២ ពាន់លានដុល្លារ៕