នៅក្នុងសេចក្តីប្រកាសមួយកាលពីសប្តាហ៍មុននៅក្នុងទីក្រុង Washington DC របស់លោក Eddy Cue អនុប្រធានផ្នែកសេវាកម្មជាន់ខ្ពស់របស់ក្រុមហ៊ុន Apple បានប្រកាសអំពីមូលហេតុធំៗចំនួន ៤ ដែលក្រុមហ៊ុនផលិតទូរស័ព្ទ iPhone Apple មិនមានគម្រោងក្នុងការបង្កើតម៉ាស៊ីនស្វែងរក ឫ search engine ថ្មី ដើម្បីប្រជែងជាមួយ Google ។
ចំណុចទី១ គឺ ការអភិវឌ្ឍន៍ម៉ាស៊ីនស្វែងរក ឫ search engine នឹងធ្វើឱ្យ Apple ខាតបង់បា្រក់រាប់ពាន់លានដុល្លារ និង ចំណាយពេលច្រើនឆ្នាំ ដែលខុសពីទស្សនៈវិស័យរបស់ក្រុមហ៊ុនដោយអាចនឹងបំផ្លាញកំណើនវិស័យផ្សេងៗដែល Apple កំពុងផ្តោតសំខាន់ក្នុងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ និងពេលអនាគត។
ទី២ គឺ ការបង្កើតម៉ាស៊ីនស្វែងរកថ្មី នឹងបង្កហានិភ័យសេដ្ឋកិច្ចខ្ពស់សម្រាប់ Apple ដោយសារតែវិស័យនេះកំពុងវិវឌ្ឍយ៉ាងលឿនដោយបញ្ញាសិប្បនិម្មិត (AI)។
ចំណែកចំណុចទី៣ នោះគឺ ការបង្កើតម៉ាស៊ីនស្វែងរកថ្មីមិនមែនជាគោលដៅរបស់ Apple នោះទេ ព្រោះការបង្កើត search engine នឹងតម្រូវឲពួកគេត្រូវលក់ ឫធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មគោលដៅ ដើម្បីធ្វើឲទីផ្សារនៃការប្រើប្រាស់របស់ពួកគេដំណើរការបានដោយជោគជ័យ ពោលគឺផ្ទុយពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ពួកគេចំពោះអ្នកប្រើប្រាស់។
សម្រាប់ចំណុចចុងក្រោយគឺ Apple មិនមាន “អ្នកជំនាញឯកទេស” និង “ហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការគ្រប់គ្រាន់ដើម្បីកសាង និងដំណើរការអាជីវកម្មម៉ាស៊ីនស្វែងរកបានដោយជោគជ័យដូច Google Search របស់ក្រុមហ៊ុន Alphabet Inc ដែលជាមេធំរបស់ Google នោះឡើយ។
គួរឲដឹងថា Search Engine ឬ ម៉ាស៊ីនស្វែងរក គឺជាសំណុំនៃកម្មវិធី ឬគេហទំព័រដែលមានមុខងារធ្វើការស្វែងរកព័ត៌មានទៅតាមការកំណត់របស់អ្នកប្រើប្រាស់។ ជាធម្មតា Search Engine មានដំណើរការដោយពឹងផ្អែកលើប្រព័ន្ធអ៊ីនធឺណិត ដែលជាដំបូង វាធ្វើការត្រួតពិនិត្យនូវរាល់ព័ត៌មានទាក់ទងនឹងប្រធានបទនៃការស្វែងរករបស់អ្នកប្រើប្រាស់ពីប្រភពទិន្នន័យនានានៅលើបណ្តាញអ៊ីនធឺណិត ដោយក្នុងនោះមានដូចជា ព័ត៌មានជាប្រភេទឯកសារ រូបភាព ឬវីដេអូជាដើម៕