ស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Huawei គឺ Mate 70 បានបង្កើតកំណត់ត្រាលក់ថ្មីគួរឱ្យកត់សម្គាល់នៅក្នុុងទីផ្សារប្រទេសចិនដោយបានធ្វើព្យុះ ធ្វើភ្លៀងជាខ្លាំង នៅក្នុងអំឡុងពេលប្រកាសចេញលក់ក្នុងរយៈពេលសប្តាហ៍ដំបូង ពោលគឺមានចំនួនលក់លើសកំណត់ត្រាស្មាតហ្វូនស៊េរីចាស់ Mate 60 របស់ខ្លួនទ្វេរដង នេះបើយោងតាម Digital Chat Station ។
ទន្ទឹមនឹងនេះ ស្មាតហ្វូនស៊េរី Mate 70 របស់ក្រុមហ៊ុន Huawei ក៏ត្រូវបានព្យាករណ៍ថានឹងមានចំនួនលក់លើសពី ១០លានគ្រឿង នៅក្នុងទីផ្សារប្រទេសចិននៅក្នុងពេលឆាប់ៗនេះ។ ខណៈការកើនឡើងនៃការគាំទ្រនេះ បានជំរុញឱ្យក្រុមហ៊ុន Huawei បង្កើនផលិតកម្មរបស់ខ្លួនចំនួន ៣០ភាគរយ បន្ថែមបើប្រៀបធៀបនឹងការកំណត់ទុក។
ជាមួយគ្នានេះផងដែរ បច្ចុប្បន្ននេះ មានតែស៊េរី Mate 70 ស្ដង់ដារប៉ុណ្ណោះដែលអាចឲអតិថិជនអាចរកទិញបាននៅក្នុងទីផ្សារប្រទេសចិន ចំណែកម៉ូឌែល Pro, Pro+ និង Ultimate Design នៅតែបន្តមានតម្រូវការខ្ពស់ ទាមទារឱ្យមានការកក់ទុកមុន។
គួរបញ្ជាក់ថា Huawei បានក្លាយជាក្រុមហ៊ុនតែមួយគត់នៅលើពិភពលោកដែលអាចប្រកួតប្រជែងទីផ្សារជាមួយនឹងក្រុមហ៊ុន Apple បាននៅក្នុងត្រីមាសទី ៣ ក្នុងឆ្នាំ២០២៤ នេះ បើទោះបីជាដៃគូប្រកួតប្រជែងក្នុងស្រុករបស់ខ្លួនដូចជា Honor, Oppo, Xiaomi និង Vivo បានឈរនៅលំដាប់កំពូលទាំង ១០ ក៏ដោយ ប៉ុន្តែចំណែកទីផ្សាររបស់ពួកគេនៅតែតូចជាងបើប្រៀបធៀបទៅនឹងក្រុមហ៊ុន Apple ៕