[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រចាំប្រទេសចិន (MIIT) បានធ្វើការដាក់បង្ហាញចេញនូវរូបភាព និងព៌ត័មានសំខាន់ៗមួយចំនួនរបស់រថយន្ត Xiaomi YU7 ដែលជារថយន្តប្រភេទ SUV អគ្គិសនីសុទ្ធទី២ របស់ក្រុមហ៊ុនផលិតរថយន្ត Xiaomi ហើយគ្រោងប្រកាសចេញជាផ្លូវការនៅក្នុងខែមិថុនា ឬខែកក្កដា ក្នុងឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣៤ ៤០០ ដុល្លារ ដល់ ៤១ ៣០០ ដុល្លារ ។
Xiaomi YU7 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុបបានដល់ ៦៨១ សេះ ខណៈអាគុយ និងចម្ងាយបើកបរមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែនឹងប្រើប្រាស់នូវកញ្ជប់អាគុយ lithium NMC battery របស់ក្រុមហ៊ុន CATL និងមានល្បឿនអតិបរមា ២៥៣ គ.ម/ម៉ោង។
![](https://camboauto.com/wp-content/uploads/2024/12/Xiaomi-SU7-and-YU7-2-2048x1152-1.webp)
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៩៩ ម.ម ទទឹង ១ ៩៩៦ ម.ម កម្ពស់ ១ ៦០០ ម.ម ទម្ងន់ ២ ៤០៥ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅទទួលបានការរចនាបែបស្ព័រ ដែលមានការរចនាស្រដៀងនឹងរថយន្ត Ferrari Purosangue ប៉ុន្តែចង្កៀងមុខត្រូវបានរចនាជាមួយរចនាប័ទ្ម 750S ដែលបំផុសគំនិតតាម McLaren ខណៈនៅផ្នែកខាងក្រោយរចនាជាមួយអំពូល LED លាតពេញផ្ទៃខាងក្រោយតែម្តង រួមជាមួយ spoiler ដែលមើលទៅមិនខុសពីរថយន្ត Aston Martin នោះឡើយ។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់កម្សាន្ត touchscreen ទំហំ ១៦,១អ៊ីញ ក៏ដូចជាអេក្រង់កម្សាន្ត touchscreen សម្រាប់អ្នកដំណើរខាងក្រោយ រួមជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃជាច្រើនមុខងារ ឧបករណ៍ចាប់សញ្ញា LiDAR ដែលបំពាក់លើដំបូល និងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់ផងដែរ៕