កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សប្រចាំប្រទេសចិន Huawei បានធ្វើការប្រកាសចេញនូវស្មាតហ្វូនថ្មីៗជាច្រើនម៉ូឌែលរួមមានស្មាតហ្វូនបត់អេក្រង់ Huawei Mate X6 និង Mate 70 Series នៅក្នុងប្រទេសចិន។ ជាមួយគ្នានេះផងដែល អ្វីដែលកាន់តែកាន់តែអស្ចារ្យនោះ គឺក្រុមហ៊ុនមួយនេះបានប្រកាសដាក់ឲដំណើរការនូវប្រព័ន្ធប្រតិបត្តិការថ្មីរបស់ពួកគេ គឺ HarmonyOS NEXT ដែលរួមបញ្ជូលនូវមុខងារពិសេសៗជាច្រើន រួមជាមួយបន្ទះឈីបជំនាន់ថ្មី Kirin 9020 ដែលជាបន្ទះឈីបដែលមានការរចនារូបមន្តថ្មី និងមានសមត្ថភាពដ៏ខ្លាំងមិនធ្លាប់មាន។
ហើយខាងក្រោមជាព័ត៌មានសំខាន់ៗរបស់បន្ទះឈីបជំនាន់ថ្មី Kirin 9020 របស់ក្រុមហ៊ុន Huawei ៖
ទី១) គឺបន្ទះឈីបនេះប្រើប្រាស់នូវ CPU សរុបចំនួន ១២ core ដែលក្នុងនោះចែកជា ៣ផ្នែករួមមាន:
- 2 high-performance cores មានល្បឿន 2.5 GHz រចនាឡើងលើស្ថាបត្យកម្ម Taishan សម្រាប់ដំណើរការការងារខ្ពស់ៗ។
- 6 mid-cores មានល្បឿន 2.15 GHz រចនាឡើងមានគោលបំណងសម្រាប់ការងារដែលតម្រូវឱ្យមានប្រសិទ្ធភាពសមរម្យប៉ុន្តែប្រើថាមពលតិច។
- 4 energy-efficient cores មានល្បឿន 1.6 GHz ជាប្រភេទ ARM Cortex-A510 ដែលផ្តោតលើការប្រើថាមពលទាបបំផុត។
ទី២) គឺបន្ទះឈីបនេះប្រើប្រាស់នូវ GPU ប្រភេទ Maleoon 920 ដែលមានសមត្ថភាពដំណើរការរហូតដល់ 840 MHz ដែលជាការកែលម្អធំបំផុតសម្រាប់ការដំណើរការលើភាពយន្ត 3D និងប្រព័ន្ធកម្សាន្តបច្ចេកវិទ្យាកម្រិតខ្ពស់ និងធ្វើឱ្យប្រសើរឡើងលើការលេងហ្គេម។
គួរឲដឹងថា បើប្រៀបធៀបនឹង Kirin 9010 បន្ទះឈីប Kirin 9020 មានសមត្ថភាពដំណើរការ CPU និង GPU បានល្អជាង Kirin 9010 ចំនួន ៤០ និង ៣០ភាគរយ ខណៈការគ្រប់គ្រងថាមពលត្រូវបានធ្វើឱ្យប្រសើរឡើងដោយមានការសន្សំសំចៃជាងមុខចំនួន ២០ភាគរយ តាមរយៈស្ថាបត្យកម្មថ្មីនេះ។
លើសពីនេះទៅទៀត បន្ទះឈីបជំនាន់ថ្មី Kirin 9020 នេះ គឺគាំទ្រការតភ្ជាប់បច្ចេកវិទ្យា 5G-A ដែលប្រព័ន្ធបច្ចេកវិទ្យា 3GPP R18 5G-A SoC ដំបូងគេដែលគាំទ្រនូវការភ្ជាប់បណ្តាញ 5G ទៅកាន់ផ្កាយរណប និងអាចផ្តល់សេវាកម្មទំនាក់ទំនងនៅក្នុងតំបន់ដាច់ស្រយាលបានយ៉ាងមានប្រសិទ្ធភាព៕