កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មានប្រចាំប្រទេសចិន បាននិយាយថា ក្រុងហ៊ុន Xiaomi នឹងធ្វើការប្រកាសចេញនូវស្មាតហ្វូនសេរ៊ីថ្មីរបស់ពួកគេគឺ REDMI Turbo 4 នៅក្នុងពេលឆាប់ៗនេះ ពោលគឺស្ថិតនៅក្នុងខែធ្នូ ឆ្នាំ២០២៤ នេះ នៅក្នុងទីផ្សារប្រទេសចិន បន្ទាប់ពីប្រកាសដាក់បង្ហាញចេញនូវស្មាតហ្វូន REDMI K80 និង K80 Pro កាលពីពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះ REDMI Turbo 4 អាចនឹងដំណើរការដោយបន្ទះឈីប Dimensity 8400 ដែលត្រូវបានផលិតឡើងដោយប្រើប្រាស់នូវស្ថាបត្យកម្ម 4nm របស់ TSMC ដែលមានល្បឿន Cortex-A725 cores លើសពី 3GHz និងទទួលបានពិន្ទុជាង ១,៧ លានពិន្ទុ ពី AnTuTu ពោលគឺមានពិន្ទុលើសបន្ទះឈីប Snapdragon 8 Gen 2 ។
លើសពីនេះទៅទៀត ស្មាតហ្វូនមួយនេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 15 ព្រមទាំងទទួលបានកញ្ជប់ថាមពលថ្មធំដល់ 5,500mAh បើធៀបទៅនឹងថ្ម 5,300mAh ពីមុន ។ លើសពីនេះទៅទៀត REDMI Turbo 4 ត្រូវបានរំពឹងថានឹងប្រើប្រាស់នូវអេក្រង់ប្រភេទ OLED 120Hz ដែលមានកម្រិតបង្ហាញ 1.5K ជាមួយតម្លៃលក់ចាប់ពី ២០៥ ទៅ ២៧៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
គួរបញ្ជាក់ផងថា ម៉ូឌែល Turbo 4 Pro ក៏ត្រូវបានគេរំពឹងថានឹងចេញនៅឆ្នាំក្រោយផងដែរ ដែលដំណើរការដោយបន្ទះឈីប Snapdragon 8s Elite ខណៈនៅក្នុងទីផ្សារពិភពលោក ស្មាតហ្វូនទាំងនេះអាចនឹងត្រូវបានប្តូរឈ្មោះទៅជា Poco X7 និង Poco F7 ៕