កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មាន Digital Chat Station បាននិយាយថា ក្រុងហ៊ុន Xiaomi នឹងប្រកាសចេញនូវស្មាតហ្វូនសេរ៊ីថ្មីខ្នាតកំពូលរបស់ពួកគេគឺ Xiaomi 15 Ultra នៅក្នុងពេលឆាប់ៗនេះ ពោលគឺនៅក្នុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន បន្ទាប់ពីប្រកាសដាក់បង្ហាញចេញនូវស្មាតហ្វូន Xiaomi 15 និង Xiaomi 15 Pro នៅក្នុងខែមុខនេះ។
ក្នុងនោះ Xiaomi 15 Ultra នឹងប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP 1/2.51″ Sony IMX858, លេនពង្រីក telephoto ទំហំ 70mm គាំទ្រការថត 3X Optical Zoom, លេនពង្រីក periscope ថ្មី ទំហំ 200MP គាំទ្រការថត 4.3X Optical Zoom មាន aperture f/2.6 និងសេនស័រ 1/1.4″ Samsung HP9 sensor របស់ vivo X200 Pro ក៏ដូចជាលេនទូលាយ ultra-wide ទំហំ 50MP បូករួមជាមួយលេន Leica Summilux និងលេន Telephoto Macro ។
ទន្ទឹមនឹងនេះ Xiaomi 15 Ultra អាចនឹងដំណើរការដោយបន្ទះឈីប Snapdragon 8 Elite ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ HyperOS 15 និងទទួលបានម៉ាស៊ីនស្កេនក្រយៅដៃ ultrasonic កញ្ជប់ថាមពលថ្មធំដល់ 6,000mAh ដ៏ធំបើធៀបទៅនឹងថ្ម 5,300mAh ពីមុន ប៉ុន្តែតូចជាងថ្ម 6,100mAh នៅក្នុង Xiaomi 15 Pro បន្តិច។ លើសពីនេះទៅទៀត Xiaomi 15 Ultra ត្រូវបានរំពឹងថានឹងប្រើប្រាស់នូវអេក្រង់កោងប្រភេទ OLED ទំហំ ៦,៧៣អ៊ីញ 120Hz ដែលមានកម្រិតបង្ហាញ 2K របស់ Xiaomi 15 Pro ៕