[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ ខ្នាតតូច Ford Puma Gen-E ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៣៨ ៨០០ ដុល្លារ នៅទីផ្សារតំបន់អឺរ៉ុប ហើយគ្រោងនឹងចេញលក់ជាផ្លូវការក្នុងឆ្នាំ២០២៥ ខាងមុខនេះ។
រថយន្តអគ្គិសនីសុទ្ធខ្នាតតូច Ford Puma Gen-E ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ FWD អាចផលិតកម្លាំងបាន ១៦៦ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៣គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៣៤៧ ទៅ ៣៧៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងការសាកថ្មល្បឿនលឿន ១០០គីឡូវ៉ាត់ អាចសាកបានពី ១០ ទៅ ៨០ភាគរយ ប្រើរយៈពេលខ្ទង់ ២៣នាទីប៉ុណ្ណោះ។
សម្រាប់រូបរាង និងការឌីស្សាញរបស់រថយន្តនេះ មានលក្ខណៈបែបស្ព័រ ដោយទទួលបានការរចនាកែសម្រួលកាងផ្នែកខាងមុខរួមជាមួយនឹងប៉ាណាបិទជិតស្រដៀងគ្នាទៅនឹងរថយន្ត Mustang Mach-E ក៏ដូចជាចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រថ្មីទំហំ ១៩អ៊ីញ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៨ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២អ៊ីញ អាចប្រើប្រព័ន្ធប្រតិបត្តិការ SYNC4 រួមទាំងប្រព័ន្ធ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលបើក Panoramic roof ឧបករណ៍បំពងសំឡេងម៉ាក Bose ចំនួន ១០ចំនុច និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕