[ទីផ្សារចិន] ការពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិន Huawei បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Maextro S800 ប្រភេទ sedan ដ៏ប្រណិត ដែលផលិតរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្ត JAC ជាមួយតម្លៃលក់ចាប់ពី ១៣៧ ៨០០ ដុល្លារ ដល់ ២០៦ ៧០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ខណៈការដាក់លក់ជាផ្លូវការគ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។
ចំពោះរថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Turing platform ជំនាន់ទី ២ មានប្រវែងតួខ្លួនសរុប ៥ ៤៨០ ម.ម ទទឹង ២ ០០០ ម.ម កម្ពស់ ១ ៥៣៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣៧០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានមានរចនាឡើងដោយធ្វើការផ្ចិតផ្ចង់ជាខ្លាំង ដែលបំពាក់ជាមួយប៉ាណាមុខបិទជិត កាងរន្ធខ្យល់ទំហំធំរចនាជារាងសំបុកឃ្មុះ អមជាមួយចង្កៀងមុខ LED រាងអក្សរ C ព្រមទាំងនូវថាសកង់ស្ព័រឌីស្សាញថ្មី ទ្វារដៃប្រភេទអគ្គិសនី និងចង្កៀងក្រោយ LED រាងស្លីម អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។
ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានរចនាជាមួយពិដានដំបូលមេឃមានផ្កាយច្រើនគ្រាប់ហៅថា starry sky roof ស្រដៀងគ្នាទៅនឹងរថយន្ត Rolls-Royce ព្រមទាំងប្រើប្រាស់នូវគ្រឿងបរិក្ខាមានគុណភាពខ្ពស់ និងតម្លៃថ្លៃ និងរំពឹងថាបំពាក់អេក្រង់ touchscreen ចំនួន ៣ ប្រើប្រព័ន្ធប្រតិបត្តិការរបស់ HarmonyOS របស់ Huawei ផ្ទាល់។ លើសពីនេះ រថយន្តនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិតទី ៣ ផងដែរ ។ គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយនោះទេ៕