ប្រភពពីរដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុនកំពុងពិចារណាបញ្ឈប់គម្រោងជំនួយថ្មី នៅក្នុងប្រទេសមីយ៉ាន់ម៉ាសម្រាប់ពេលនេះ ដើម្បីឆ្លើយតបទៅនឹងរដ្ឋប្រហារយោធា កាលពីដើមខែកន្លងទៅនេះ ខណៈការរិះគន់របស់អន្តរជាតិបានកើនឡើងរឹតតែខ្លាំង។
ប្រទេសជប៉ុនដែលជាម្ចាស់ជំនួយដ៏សំខាន់ដល់ប្រទេសមីយ៉ាន់ម៉ា បានចូលរួមជាមួយក្រុមសេដ្ឋកិច្ចជឿនលឿន “Group of Seven” ផ្សេងទៀតក្នុងការថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារ និងការប្រើប្រាស់កម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ា ប្រឆាំងនឹងការតវ៉ាដោយសន្តិវិធី។
ប៉ុន្តែមិនដូចសហរដ្ឋអាមេរិក និងអង់គ្លេសទេ ជប៉ុនមានការស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មលើមន្រ្តីយោធាមីយ៉ាន់ម៉ាដោយសារមានទំនាក់ទំនងយូរជាមួយកងកម្លាំងប្រដាប់អាវុធ និងគោលនយោបាយជំរុញការវិនិយោគនៅក្នុងប្រទេសនេះ។
ប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តដោយប្រុងប្រយ័ត្នលើគម្រោងណាមួយដែលនឹងត្រូវផ្អាក ដោយប្រយ័ត្នប្រយែងថាប្រទេសចិននឹងទាញយកផលប្រយោជន៍ និងបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
មន្ត្រីក្រសួងការបរទេសជប៉ុនបាននិយាយថា “ប្រសិនបើប្រទេសជប៉ុនបញ្ឈប់ការគាំទ្រគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឬការវិនិយោគរបស់ខ្លួន នៅក្នុងអាជីវកម្មក្នុងស្រុក វានឹងផ្តល់ឱកាសដល់ប្រទេសចិនក្នុងការបោះជំហានទៅមុខជាមិនខាន”៕