កាលពីពេលថ្មីៗនេះ ក្រុងហ៊ុនផលិតស្មាតហ្វូន iQOO បានធ្វើការប្រកាសចេញជាផ្លូវការថា ស្មាតហ្វូនសេរ៊ីថ្មី iQOO Neo 10 Series នឹងប្រកាសដាក់បង្ហាញចេញជាផ្លូវការនៅក្នុងថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន បន្ទាប់ពីប្រកាសដាក់បង្ហាញចេញនូវស្មាតហ្វូន iQOO 13 កាលពីពេលថ្មីៗនេះ។
ក្នុងនោះ សម្រាប់ការប្រកាសចេញនូវស្មាតហ្វូន iQOO Neo 10 Series របស់ក្រុមហ៊ុន iQOO គឺដើម្បីប្រកួតប្រជែងជាមួយស្មាតហ្វូន Redmi K80 Series របស់ក្រុមហ៊ុន Xiaomi ។
ចំពោះស្មាតហ្វូនសេរ៊ីថ្មីនេះ មានចំនួន ២ម៉ូដែល រួមមាន Neo 10 និង Neo 10 Pro ហើយអាចនឹងមានម៉ូដែលទី៣ ដែលឈ្មោះថា Neo 10e។ សម្រាប់ ម៉ូដែល Neo 10 និង Neo 10 Pro ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់ OLED 8T LTPO ទំហំ ៦,៧៨ អ៊ីញ 144Hz ដែលមានកម្រិតបង្ហាញ 1.5K ដែលដំណើរការដោយបន្ទះឈីប Dimensity 9400 សម្រាប់ Neo 10 Pro និងបន្ទះឈីប Snapdragon 8 Gen 3 សម្រាប់ Neo 10 រួមជាមួយបន្ទះឈីបហ្គេម Q2 ដែលផលិតដោយក្រុមហ៊ុន iQOO ផ្ទាល់ និងប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ OriginOS 5 ព្រមទាំងទទួលបាន RAM ដល់ 16GB និងអង្គផ្ទុកដល់ 1TB។
ទន្ទឹមនឹងនេះ Neo 10 និង Neo 10 Pro ត្រូវបានរំពឹងថានឹងទទួលបានកញ្ជប់ថ្មទំហំ 6,100mAh និង 6,500mAh ដែលគាំទ្រការសាកថ្មល្បឿនលឿន 120W តាមខ្សែ។ ចំណែកផ្នែកកាមេរ៉ាវិញ ត្រូវបានរំពឹងថានឹងទទួលបានកាមេរ៉ាគោលទំហំ 50MP + បូករួមជាមួយលេនទូលាយ 8MP សម្រាប់ Neo 10 និង 50MP + 50MP សម្រាប់ Neo 10 Pro ខណៈកាមេរ៉ាខាងមុខមានទំហំ 16MP ។
គួរឲដឹងថា ស្មាតហ្វូនទាំង ២ម៉ូឌែលនេះនឹងទទួលបានការរចនាគែមស្តើងបំផុត ១,៤ ម.ម ប៉ុណ្ណោះ និងមានកម្រាស់ ៧,៩៩ ម.ម និងទម្ងន់ ១៩៩ ក្រាម ព្រមទាំងទទួលបានជម្រើសពណ៌ស និងខ្មៅ និងមុខងារស្កេនម្រាមដៃ ultrasonic fingerprint scanner ផងដែរ៕