[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng និង Nissan បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គីសនីសុទ្ធ Nissan N7 ប្រភេទ sedan នៅក្នុងពិព័រណ៍រថយន្ត Guangzhou Auto Show ឆ្នាំ២០២៤ ដែលកំពុងធ្វើឡើងនៅប្រទេសចិន ហើយគ្រោងប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសចិននៅក្នុងឆមាសទី១ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ។
សម្រាប់រថយន្តអគ្គិសនី Nissan N7 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង New Energy architecture ដែលជាការអភិវឌ្ឍន៍ឡើងរួមគ្នារវាងក្រុមហ៊ុនទាំង ២ នេះ មានប្រវែងតួខ្លួនសរុប ៤ ៩៣០ ម.ម ទទឹង ១ ៨៩៥ ម.ម កម្ពស់ ១ ៤៨៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩១៥ ម.ម ខណៈផ្នែកថាមពល ម៉ាស៊ីន ចម្ងាយនៃការបើកបរ និងតម្លៃខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ គឺមានលក្ខណៈបែបស្ព័រដែលឲ្យឈ្មោះថា V-Motion design ដោយផ្នែខាងមុខត្រូវបានរចនាបំពាក់ជាមួយប៉ាណាបិទជិត ចង្កៀងមុខប្រភេទ 710 high-power LED light រាងអក្សរ V ក៏ដូចជាដៃទ្វារប្រភេទ frameless-door ព្រមទាំងថាសកង់ស្ព័រប្រភេទ Alloy-wheels និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ខណៈនៅផ្នែកខាងក្នុងមិនទាន់មានព័ត៌មានបង្ហាញនោះទេ ប៉ុន្តែរថយន្តនេះនឹងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរឆ្លាតវៃកម្រិតខ្ពស់ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Dongfeng Nissan និង Momenta រួមជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 8259 ដែលមានអង្គចងចាំ 32GB និងអង្គផ្ទុក 256GB សេនស័រចំនួន ៤៩ទីតាំង និងបច្ចេកវិទ្យា AI ជាដើម៕