កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន REDMAGIC របស់ក្រុមហ៊ុន nubia បានប្រកាសថា ពួកគេនឹងប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី REDMAGIC 10 Pro Series នៅក្នុងទីផ្សារប្រទេសចិន នៅក្នុងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងនោះ ក្រុមហ៊ុនបាននិយាយបញ្ជាក់ថា ស្មាតហ្វូន REDMAGIC 10 Pro Series នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite SoC របស់ក្រុមហ៊ុន Qualcomm ហើយស្មាតហ្វូនមួយនេះផងដែរនឹងមានការរចនាស្រដៀងទៅនឹងម៉ូឌែលមុខ ដោយនឹងរក្សានូវការរចនាជាមួយលេនកាមេរ៉ាក្រោមអេក្រង់ដដែល។
ទន្ទឹមនឹងនេះ REDMAGIC 10 Pro Series នឹងបំពាក់នូវបន្ទះឈីបលេងហ្គេមដែលបង្កើតដោយ RedMagic ផ្ទាល់ និងបំពាក់នូវបច្ចេកវិទ្យាគ្រប់គ្រង់កម្តៅថាមពលថ្មដ៏ពិសេស។
បើផ្អែកលើពាក្យចចាមអារ៉ាម RedMagic 10 Pro+ នឹងមានកញ្ជាប់ថាមពលថ្មទំហំ 7,050mAh ដ៏ធំជាមួយនឹងការសាកថ្មលឿនដល់ទៅ 100W ហើយ RedMagic 10 Pro នឹងទទួលបានអេក្រង់ទំហំ ៧ អ៊ីញ ដែលមានកម្រិតបង្ហាញ (2688×1216 Pixels) និង 144Hz refresh rate។
គួរឲដឹងថា REDMAGIC 10 Pro នឹងប្រើប្រាស់នូវបន្ទះអេក្រង់របស់ក្រុមហ៊ុនផលិតអេក្រង់ BOE ដែលមានការរចនាលាតពេញផ្ទៃទូរស័ព្ទ ជាមួយនឹងការរចនាគែមស្តើងបំផុតនៅលើពិភពលោក៕