[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Geely Galaxy Starship 7 ប្រភេទ SUV ប្រើប្រាស់ម៉ាសុីនកូនកាត់ Plug-in hybrid ជាមួយតម្លៃលក់អាចចាប់ផ្តើមពី ២៤ ៦០០ ដុល្លារ ដល់ ៣១ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
Geely Galaxy Starship 7 ត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង GEA platform មានប្រវែងតួខ្លួនសរុប ៤ ៧៤០ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៦៨៥ ម.ម ទម្ងន់ ១ ៧៩០ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥៥ ម.ម ដំណើរការដោយប្រព័ន្ធម៉ាសុីនកូនកាត់ Plug-in hybrid (Geely NordThor 2.0 plug-in hybrid system) ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១១០ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ១៩ និង ២៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ និង ១៥០ គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតស៊ីប្រេង ៤,៨លីត្រ/១០០ គីឡូម៉ែត្រ និងចាក់សាំងពេញអាចបើកបរបានចម្ងាយសរុប ១ ៤៣០ គីឡូម៉ែត្រ។
លើសពីនេះ Geely Galaxy Starship 7 ត្រូវបានប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា 11-in-1 electric drive ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន២ P1+P3 ដែលមានប្រសិទ្ធភាពខ្ពស់រហូតដល់ ៩៨ភាគរយ ខណៈកម្លាំងមិនទាន់មានការដាក់បង្ហាញចេញនៅឡើយទេ។ ក្នុងនោះ រថយន្តនេះ អាចបង្កើនល្បឿនពី ០ – ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេល ៧,៥ វិនាទី។
សម្រាប់ការរចនាផ្នែកខាងក្រៅ មានភាពស្ព័រដោយបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៊ីញ និងដៃទ្វារប្រភេទ Flush-door។
ខណៈផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់បង្ហាញព័ត៌មានឌីជីថលទំហំតូច និងអេក្រង់ព៌ត័មានកម្សាន្ត Touchsrceen ទំហំ ១៤,៦ អ៊ីញ ក៏ដូចជាភ្លើងបំភ្លឺ ambient light ដំបូលបើក កន្លែងសាកថ្មទូរស័ព្ទឥតខ្សែកម្លាំង ៥០វ៉ាត់ ប្រព័ន្ធ GPS មុខងារ AI voice assistant ម៉ាសុីនត្រជាក់អូតូ កៅអីម៉ាស្សា-ក្តៅ-ត្រជាក់ អេក្រង់លើកញ្ជក់ HUD ទំហំ ១៣,៨អ៊ីញ បាសសម្លេងចំនួន ១៦ចំនុច និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕