ក្រុមហ៊ុន Apple Inc កំពុងត្រៀមខ្លួនចូលរួមក្នុងគម្រោងថ្មី ដើម្បីជំរុញការនាំចេញផលិតផលកុំព្យូទ័ររបស់ឥណ្ឌា ដោយគ្រោងនឹងនាំយកការផលិតថេប្លេត iPad ទៅប្រទេសអាស៊ីខាងត្បូងមួយនេះ។
គួរឲ្យដឹងថា ប្រទេសឥណ្ឌាបានដាក់ចេញនូវផែនការដែលមានទំហំទឹកប្រាក់ចំនួន ៦,៧ ពាន់លានដុល្លារ ដើម្បីជំរុញការនាំចេញស្មាតហ្វូនកាលពីឆ្នាំមុន ខណៈលោកនាយករដ្ឋមន្រ្តី Narendra Modi បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការផលិត និងបង្កើតការងារផ្នែកអេឡិចត្រូនិច ។
ក្រុមហ៊ុន Apple ដែលបានបង្កើនការផលិត iPhone នៅប្រទេសឥណ្ឌាជាប្រចាំ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើផលិតកម្មនៅចិន កំពុងចង់ផលិត iPad នៅក្នុងប្រទេសឥណ្ឌាវិញ បន្ទាប់ពីនាំយកផលិតកម្មមួយចំនួនចេញពីប្រទេសចិន ចូលទៅប្រទេសវៀតណាម។
បច្ចុប្បន្ននេះរដ្ឋាភិបាលឥណ្ឌា កំពុងត្រៀមបង្ហាញនូវការលើកទឹកចិត្តមួយទៀត ដើម្បីជំរុញការផលិតក្នុងស្រុកនៃផលិតផលបច្ចេកវិទ្យា រួមមាន ថេប្លេត (Tablet) កុំព្យូទ័រយួរដៃ (Laptop) និងម៉ាស៊ីនមេ (Server) ជាដើម៕