នៅក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន Apple និងក្រុមហ៊ុន BYD បានធ្វើការប្រកាសចាប់ផ្តើមសហការគ្នាលើការអភិវឌ្ឍបច្ចេកវិទ្យាថ្ម EV សម្រាប់ផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple ដោយចំណុចសំខាន់នៃកិច្ចសហការនេះគឺការបង្កើតថ្ម Blade របស់ក្រុមហ៊ុន BYD។ ចំពោះការអភិវឌ្ឍបច្ចេកវិទ្យាថ្ម Blade នេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យាដែលដូចគ្នាទៅនឹងការបង្កើតថ្ម LFP ដែលល្បីថាជាថ្មដែលសុវត្ថិភាព និងសមត្ថភាពសន្សំថាមពលបានឆ្ងាយ។
ក្នុងនោះ ក្រុមហ៊ុន Apple បានចំណាយពេលជាច្រើនឆ្នាំជាងមួយទស្សវត្សរ៍ និងប្រាក់ចំនួន ១០ពាន់លានដុល្លារក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្ម EV សម្រាប់គម្រោងផលិតរថយន្តអគ្គិសនី “Apple Car” ឬ “Project Titan” របស់ពួកគេ។
បើទោះជាការសហការជាមួយក្រុមហ៊ុន BYD បានជំរុញការអភិវឌ្ឍបច្ចេកវិទ្យាថ្ម EV ឫថ្ម Blade ជំនាន់ដំបូងទៅមុខមួយកម្រិតនិងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះក៏ដោយ ក៏ក្រុមហ៊ុន Apple នៅតែបានសម្រេចចិត្តបោះបង់គម្រោងផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅដើមឆ្នាំ២០២៤ នេះ។
- សម្រាប់មូលហេតុមួយនៃការបោះបង់នេះ គឺក្រុមហ៊ុន Apple មិនបានបញ្ជាក់នោះទេ ប៉ុន្តែក្រុមហ៊ុនមួយនេះហាក់មានបំណងស្វែងរកជម្រកថ្មីសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាថ្ម EV ដែលមានភាពប្រសើរជាងនេះ។
គួរបញ្ជាក់ផងថា នៅក្នុងពេលដែលក្រុមហ៊ុន Apple បានសម្រេចចិត្តបោះបង់គម្រោងផលិតថ្ម EV របស់ខ្លួន ក្រុមហ៊ុន BYD បានចេញមុខនិយាយបញ្ជាក់ថា គម្រោងអភិវឌ្ឍបច្ចេកវិទ្យាថ្ម Blade គឺជារបស់កម្មសិទ្ធិរបស់ខ្លួនស្របច្បាប់ និងបានចុះប៉ាតង់ច្បាស់លាស់៕