កាលពីពេលថ្មីៗនេះ មានសារព៌ត័មានជាច្រើនបាននិយាយថា ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញចេញជាផ្លូវការនូវវស្មាតហ្វូន Samsung Galaxy S25 Series របស់ខ្លួននៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ខាងមុខនេះ ជាមួយនឹងការអាប់ឌែតថ្មីមួយចំនួនសម្រាប់ប្រកួតប្រជែងជាមួយ iPhone 16 ដែល Apple ទើបប្រកាសចេញកាលពីខែមុននេះ ជាពិសេសបន្ទះឈីបតែម្តង។
ហើយមានការរំពឹងទុកយ៉ាងខ្លាំងថា ក្រុមហ៊ុន Samsung កំពុងពិចារណាក្នុងការការប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite ដែលជាបន្ទះឈីបជំនាន់ចុងក្រោយ និងបំពាក់ជាមួយបច្ចេកវិទ្យាថ្មីបំផុតរបស់ក្រុមហ៊ុន Qualcomm សម្រាប់ Galaxy S25 Ultra និងបន្ទះឈីប Mediatek Dimensity 9400 សម្រាប់ម៉ូដែល Galaxy S25 និង S25+ ។
យ៉ាងណាមិញ ការរាយការណ៍មួយទៀតបានបញ្ជាក់ថា Samsung នឹងមិនប្រើបន្ទះឈីបរបស់ក្រុមហ៊ុន Mediatek សម្រាប់ Galaxy S25 Series នោះឡើយ ដោយ Samsung នឹងបង្ខំចិត្តប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite សម្រាប់ Galaxy S25, S25+ និង S25 Ultra ទាំងអស់តែម្តង។
លើសពីនេះទៅទៀត បើយោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បាននិយាយថា ក្រុមហ៊ុន Samsung បានបញ្ជាទិញគ្រឿងបន្លាស់សម្រាប់ស្មាតហ្វូន Galaxy S25 Series ប្រមាណ ២២ លានគ្រឿងជាង សម្រាប់ផលិតលក់នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ ។ ក្នុងចំណោមនោះ ១១លានគ្រឿងជារបស់ Galaxy S25 Ultra ហើយ Galaxy S25 និង Galaxy S25+ មានចំនួន ៦លានគ្រឿង។