កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរូបភាពរបស់សេរ៊ីថ្មីរបស់ខ្លួនក្នុងត្រកូល N បន្ទាប់ពី N7 និង N8 គឺរថយន្ត BYD Denza N9 ដែលជារថយន្តប្រណិតប្រភេទ SUV ខ្នាតធំ ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និង Plug-in Hybrid ហើយគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅចុងឆ្នាំ២០២៤ នេះ នៅក្នុងទីផ្សារចក្រភពអង់គ្លេស។
ចំពោះរថយន្ត BYD Denza N9 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BYD e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៥ ៣០០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ សម្រាប់ជម្រើសអគ្គិសនីសុទ្ធ ពោលបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ៣០៨សេះ នៅផ្នែកខាងមុខ និងម៉ូទ័រអគ្គិសនីចំនួន២ ទំហំ ៣២២ សេះ នៅផ្នែកខាងក្រោយ ខណៈទំហំ និងប្រភេទអាគុយ រួមទាំងចម្ងាយបើកបរ និងព៌ត័មានលម្អិតអំពីជម្រើស Plug-in Hybrid ខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។
សម្រាប់ព័ត៌មាននៅផ្នែកខាងក្នុង ខាងក្រុមហ៊ុនបាននិយាយថា នឹងទទួលបានការរចនាបែប Luxury ដែលបំពាក់ជាមួយបច្ចេកវិទ្យាឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរដ៏សំបូរបែប។
ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅរថយន្ត BYD Denza N9 ត្រូវបានរចនាបំពាក់ជាមួយប៉ាណាមុខបិទជិត សម្រាប់ជម្រើសអគ្គិសនីសុទ្ធ អបដោយសំណុំចង្កៀងមុខប្រភេទគុជ LED ចំនួន ៣គ្រាប់ ព្រមទាំងថាសកង់ស្ព័ររចនាថ្មីមានឡូហ្គូល រួមនឹងចង្កៀងក្រោយប្រភេទ LED ៕