[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរូបភាពរបស់រថយន្ត Ford Territory ស៊េរីឆ្នាំ២០២៥ ហើយគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅចុងឆ្នាំ ២០២៤ នេះ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។
រថយន្ត Ford Territory ស៊េរីឆ្នាំ២០២៥ ទទួលបានជម្រើសម៉ាស៊ីនចំនួន២ រួមមាន÷
- ម៉ាសុីនកូនកាត់ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៨ សេះ។
- ម៉ាស៊ីនសាំង ១,៥ លីត្រ EcoBoost អាចផលិតកម្លាំងសេះបាន ១៧០ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ Dual-Clutch Transmission ៧ វគ្គ និងប្រព័ន្ធបើកបរប៉ុង១ FWD។
សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ មានការផ្លាស់ប្តូររូបរាងថ្មីដែលត្រូវបានរចនាឡើងវិញទៅលើប៉ាណាផ្នែកខាងមុខដែលមានទំហំតូចជាងមុន អបសងខាងដោយចង្កៀងមុខ LED រាងអក្សរ C រួមជាមួយថាសកង់ស្ព័រឌីស្សាញថ្មីទំហំ ២០អ៊ីញ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់មុខងារ Apple Carplay និង Android Auto និងទទួលបាននូវប្រព័ន្ធប្រតិបត្តិការ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរថ្មីជាដើម៕