កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថា រថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ បានទទួលបានពានរង្វាន់សុវត្ថិភាពខ្ពស់បំផុត Top Safety Pick+ ពីវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) របស់សហរដ្ឋអាមេរិក។
ចំពោះរថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ ជំនាន់ទី ៩ នេះ បានទទួលចំណាត់ថ្នាក់ខ្ពស់បំផុត Top Pick Plus ពីប្រព័ន្ធការពារ និងផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គមកពីផ្នែកខាងមុខដែលដំណើរការបានល្អទាំងពេលយប់ និងពេលថ្ងៃ ដែលក្នុងនោះរថយន្តនេះ មានបំពាក់ជាមួយចង្កៀងមុខដែលមុខងារដំណើរការបានយ៉ាងល្អ ព្រមទាំងមានកម្រិតដែលអាចទទួលយកបានសម្រាប់ការធ្វើតេស្តបុកប៉ះនៅផ្នែកខាងមុខជាមួយនឹងដំណើរការការពារដ៏ល្អផងដែរ។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់សុវត្ថិភាពខ្ពស់បំផុតរបស់ IIHS សម្រាប់ឆ្នាំ ២០២៤ តម្រូវឲ្យរថយន្តទទួលបានពិន្ទុល្អលើការធ្វើតេស្តសុវត្ថិភាពផ្សេងៗ ដែលរួមបញ្ចូលទាំងផ្នែកខាងមុខរបស់អ្នកបើកបរនិងអ្នកដំណើរខាងមុខ។ លើសពីនេះ ក៏ត្រូវតែមានចង្កៀងមុខដែលត្រូវនឹងស្តង់ដារដែលអាចដំណើរការបានល្អនៅពេលថ្ងៃ និងពេលយប់ រួមទាំងប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិដំណើរការបានល្អនៅពេលយប់ក្នុងការចាប់អ្នកថ្មើរជើង។
គួរឲដឹងថា រថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ នេះ មានបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ៕