កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Human Mobile Devices (HMD) បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវទូរស័ព្ទដៃ HMD Skyline ដែលជាទូរស័ព្ទដៃខ្នាតកណ្តាល ជាមួយតម្លៃលក់ចាប់ពី ៤៣២ដុល្លារ ក្នុងទីផ្សារប្រទេសឥណ្ឌា។
ទូរស័ព្ទដៃ HMD Skyline ទទួលបានអេក្រង់ FHD+ pOLED ទំហំ ៦,៥៥ អ៊ីញ 144Hz មានកម្រិតបង្ហាញ 1080 x 2400 pixels ដំណើរការដោយបន្ទះឈីប Snapdragon 7s Gen 2 4nm និងប្រព័ន្ធប្រតិបត្តិការ Android 14 ព្រមទាំងទទួលបាន RAM 12GB និងអង្គផ្ទុក 256GB ។
សម្រាប់កាមេរ៉ាគោលខាងក្រោយរបស់ទូរស័ព្ទដៃ HMD Skyline មានទំហំ 108MP បំពាក់ជាមួយមុខងារគ្រប់គ្រងលំនឹង OIS អាចថតវិឌីអូបានកម្រិត 4K បូករួមជាមួយលេន Ultra-Wide ទំហំ 13MP និងលេន Telephoto ទំហំ 50MP ខណៈកាមេរ៉ាមុខមានទំហំ 50MP ។ ចំណែកផ្នែកថាមពលវិញ ទូរស័ព្ទដៃនេះទទួលបានថាមពលថ្ម 4,600 mAh គាំទ្រការសាកថ្ម 33W តាមខ្សែ និង 15W wireless charging។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ HMD Skyline មានភ្ជាប់មកជាមួយអាវការពារជម្រាបទឹក និងធូលី IP54, រន្ធដោតកាសចំនួន១ និងមុខងារស្កេនម្រាមដៃនៅផ្នែកចំហៀង អាចដាក់សុីមបានចំនួន២ ព្រមទាំងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 802.11 ax (2.4GHz + 5GHz), Bluetooth 5.២, USB Type-C និង NFC ជាដើម។
ចំពោះការរចនារបស់ទូរស័ព្ទដៃ HMD Skyline មានសភាពស្តើងដោយមានកម្រាស់ត្រឹមតែ ៨,៩ មីលីម៉ែត្រ និងទម្ងន់ត្រឹមតែ ២០៩,៥ ក្រាម ប៉ុណ្ណោះ និងទទួលបាននូវជម្រើសពណ៌ចំនួន២ រួមមានពណ៌ Neon Pink និង Twisted Black៕