កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Motorola បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី Motorola Razr 50 ដែលជាស្មាតហ្វូតអាចបត់បាន ជាមួយតម្លៃលក់ចាប់ពី ៧៩៩,៩៩ ដុល្លារ ក្នុងទីផ្សារប្រទេសឥណ្ឌា។
ទូរស័ព្ទដៃ Motorola Razr 50 ទទួលបានអេក្រង់ខាងក្រៅទំហំ ៣,៦ អ៊ីញ ប្រភេទ pOLED 90Hz មានកម្រិតបង្ហាញ 1066 x 1056 pixels និងអេក្រង់ខាងក្នុងទំហំ ៦,៩ អ៊ីញ ប្រភេទ FHD+ pOLED 120Hz មានកម្រិតបង្ហាញ 2640×1080 pixels និងកម្រិតពន្លឺ 3000 nit ដំណើរការដោយបន្ទះឈីប MediaTek Dimensity 7300X 4nm ជាមួយ Mali-G615 MC2 GPU និងប្រព័ន្ធប្រតិបត្តិការ Android 14 ព្រមទាំងទទួលបាន RAM 8GB និងអង្គផ្ទុក 256GB ។
សម្រាប់កាមេរ៉ាគោលខាងក្រោយរបស់ទូរស័ព្ទដៃ Motorola Razr 50 មានទំហំ 50MP បំពាក់ជាមួយមុខងារគ្រប់គ្រងលំនឹង OIS និងលេន Ultra-Wide ទំហំ 13MP ខណៈកាមេរ៉ាមុខមានទំហំ 32MP ។ ចំណែកផ្នែកថាមពលវិញ វាទទួលបានថាមពលថ្ម 4,200mAh គាំទ្រការសាកថ្ម 33W តាមខ្សែ និង 15W wireless charging។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ Motorola Razr 50 មានភ្ជាប់មកជាមួយមុខងារការពារជម្រាបទឹក និងធូលី IPX8, រន្ធដោតកាសចំនួន១ និងមុខងារស្កេនម្រាមដៃនៅផ្នែកចំហៀង អាចដាក់សុីមបានចំនួន២ ព្រមទាំងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.4, GPSS, USB Type-C និង NFC ជាដើម។
សម្រាប់អតិថិជនដែលទិញទូរស័ព្ទដៃ Motorola Razr 50 នឹងទទួលបានការប្រើប្រាស់មុខងារ Gemini Advanced របស់ក្រុមហ៊ុន Google សម្រាប់រយៈពេល ៣ ខែ។
ចំពោះការរចនារបស់ទូរស័ព្ទដៃ Motorola Razr 50 មានសភាពស្តើងដែលមានកម្រាស់ត្រឹមតែ ៧,២៥ មីលីម៉ែត្រ ពេលលារអេក្រង់ និង ១៥,៨៥ មីលីម៉ែត្រ ពេលបត់អេក្រង់ រួមជាមួយទម្ងន់ត្រឹមតែ ១៨៨,៤ ក្រាម ប៉ុណ្ណោះ និងទទួលបាននូវជម្រើសពណ៌ចំនួន៣ រួមមានពណ៌ Spritz Orange, Sand Beach និង Koala Grey៕