ធនាគារ និងជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេលំដាប់ទី ២ របស់ថៃ Kasikornbank គ្រោងនឹងបើកសាខានៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅត្រីមាសទី ៣ ឆ្នាំនេះ។
អនុប្រធានប្រតិបត្តិធនាគារ លោក Pattarapong Kanhasuwan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការយកចិត្តទុកដាក់ឥឡូវនេះគឺផ្តោតលើប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលវិនិយោគក្នុងតំបន់ ដែលបានទាក់ទាញក្រុមហ៊ុនឈានមុខគេលើពិភពលោក រួមទាំងមកពីប្រទេសថៃផងដែរ ដោយសារតែសេដ្ឋកិច្ចរឹងមាំរបស់ពួកគេ” ។
សាខាថ្មីដែល Kasikornbank ត្រៀមបើក ទទួលបានការអនុម័តបទប្បញ្ញត្តិនៅក្នុងខែមករា និងគ្រោងផ្តល់ប្រាក់កម្ចី ១០ ពាន់លានបាត (៣៣៣ លានដុល្លារ) នៅក្នុងប្រតិបត្តិការដំបូងរបស់ខ្លួន។ ធនាគារនេះនឹងផ្តោតលើអាជីវកម្មថៃ និងបរទេសដែលវិនិយោគនៅប្រទេសវៀតណាម និងការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាឌីជីថលផងដែរ។
យោងតាមក្រសួងផែនការ និងវិនិយោគរបស់វៀតណាម បានឲ្យដឹងថា ប្រទេសថៃ គឺជាវិនិយោគិនបរទេសធំជាងគេទី ៧ នៅប្រទេសវៀតណាមកាលពីឆ្នាំមុន ដោយមានទឹកប្រាក់ចំនួន ២៩២ លានដុល្លារ៕