កាលពីពេលថ្មីៗនេះ បើយោងតាមគេហទំព័រសារព័ត៌មាន Toyota Times បានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន បានប្រកាសអនុម័តនូវគម្រោងផែនការក្នុងការផលិតអាគុយរបស់រថយន្តអគ្គិសនីសុទ្ធគឺ អាគុយប្រភេទថ្មី Solid-State Battery ដែលសមត្ថភាពថាមពលខ្ពស់ជាងថ្មអាគុយ lithium-iron-phosphate (LFP) ចំនួន២ដង របស់ក្រុមហ៊ុន Toyota ហើយ ដែលដំណើរការការផលិតអាគុយ Solid-State Battery នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៦ ជាមួយគោលដៅផលិតកម្ម ៩ជីហ្គាវ៉ាត់ម៉ោង/ឆ្នាំ នៅក្នុងប្រទេសជប៉ុនផ្ទាល់។
ចំពោះថ្មអាគុយ Solid-State Battery របស់ក្រុមហ៊ុន Toyota មានលក្ខណៈពិសេសជាច្រើនដោយអាចសាកថ្មបានលឿន រួមទាំងអាចបើករបានចម្ងាយឆ្ងាយ នឹងមានសុវត្ថិភាពជាងមុន ដោយសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ១០នាទីប៉ុណ្ណោះ អាចបើកបរបានចម្ងាយដល់ទៅ ១ ០០០ គីឡូម៉ែត្រជាងនៅពេលសាកថ្មពេញម្តង។
គួរឲដឹងថា កាលពីពេលថ្មីៗនេះដែរ ក្រុមហ៊ុនផលិតរថយន្ត Toyota និង Nissan បានប្រកាសវិនិយោគប្រាក់ចំនួន ៧ ពាន់លានដុល្លារ នៅក្នុងឧស្សាហកម្មថ្ម EV របស់ប្រទេសជប៉ុន ដើម្បីពង្រីកទីផ្សារដែលកំពុងតែមានការប្រកួតប្រជែងកាន់តែខ្លាំង និងឆ្លើយតបទៅនឹងការគ្រប់គ្រងទីផ្សារថ្ម EV ពិភពលោកដោយប្រទេសចិន និងកូរ៉េខាងត្បូង ជាពិសេសក្រុមហ៊ុនដូចជា CATL និង BYD របស់ប្រទេសចិន ក៏ដូចជាក្រុមហ៊ុន LG Energy Solution និង SK On របស់កូរ៉េខាងត្បូង។ សម្រាប់ការវិនិយោគនេះ គឺមានគោលដៅបង្កើនការផលិតថ្ម EV ជាច្រើនប្រភេទជាមួយនឹងបច្ចេកវិទ្យាថ្មី ដោយមានចំនួនស្មើនឹង ៥០ភាគរយនៃទីផ្សារថ្ម EV របស់ប្រទេសជប៉ុនផ្ទាល់ ជាមួយគោលបំណងធានាបានថាថាមពលផ្គត់ផ្គង់សម្រាប់ការផលិតរថយន្តអគ្គិសនីក្នុងស្រុកមានស្ថិរភាពជាងមុន ពោលគឺបង្កើនទិន្នផលពី 120GWh ទៅដល់ 150 GWh នៅឆ្នាំ២០៣០។
គួរបញ្ជាក់ផងថា ក្រុមហ៊ុនផលិតរថយន្ត MG ក៏បានប្រកាសដាក់បង្ហាញចេញនូវថ្មអាគុយ Solid-State Battery របស់ពួកគេផងដែរ ដែលមានទំហំ ១៣៣ គីឡូវ៉ាត់់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ១ ០៨៣ គីឡូម៉ែត្រ នៅពេលសាកពេញម្តង។ លើសពីនេះទៅទៀត វាក៏គាំទ្រការសាកល្បឿនលឿនផងដែរ ដោយសាកត្រឹមតែ ១២នាទី ប៉ុណ្ណោះ គឺអាចបើកបរបានចម្ងាយខ្ទង់ ៤០១ គីឡូម៉ែត្រ៕