[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Land Rover បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Land Rover Defender Beach Break Edition សេរ៊ីឆ្នាំ២០២៥ ផលិតតែ ២០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ៧៣ ៣២៥ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
ចំពោះការរចនាផ្នែកខាងក្រៅគឺប្រើប្រាស់នូវពណ៌ Tasman Blue រួមជាមួយនឹងដំបូលពណ៌ពណ៌ស និងថាសកង់ពណ៌ស ក៏ដូចជាផ្នែកចំហៀងពណ៌ក្រហម និងពណ៌ទឹកក្រូច រួមបញ្ចូលជាមួយឡូហ្គូលអក្សរ Beach Break 1/20 នៅលើផ្នែកខាងក្រោយជាដើម។
គួរឲដឹងថា រថយន្ត Land Rover Defender Beach Break Edition សេរ៊ីឆ្នាំ២០២៥ ត្រូវបានផលិតឡើងដោយផ្អែកលើរថយន្ត Defender ម៉ូឌែល 110 រួមជាមួយការលាយបញ្ជូលនូវវប្បធម៌ឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក ដោយភ្ជាប់មកជាមួយចង្កៀងមុខប្រភេទ Matrix LED, អេក្រង់កម្សាន្តទំហំ ១១,៤ អ៊ីញ, អេក្រង់កុងទ័រឌីជីថលទំហំ ១២,៣ អ៊ីញ, ឧបករណ៍បំពងសម្លេងម៉ាក Meridian Sound , កន្លែងសាកថ្មឥតខ្សែ, អេក្រង់បង្ហាញលើកញ្ចក់ និងប្រើប្រាស់នៅសំបកកង់ប្រភេទ all-season tire សម្រាប់ការបើកបរលើផ្លូវពិបាក ឬ Off-Road រួមជាមួយថាសកង់ទំហំ ២០អ៊ីញ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៩៦សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធបើកបរប៉ុង២ 4WD៕