[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអគ្គិសនី Chery Shuxiangjia (eQ7) សេរ៊ីឆ្នាំ២០២៥ ប្រភេទ SUV ទទួលបាន ២ជម្រើស Ziyou Edition និង Changyou Edition ជាមួយតម្លៃលក់ចាប់ពី ២២ ៤០០ ដុល្លារ និង ២៣ ១០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្តអគ្គិសនី Chery Shuxiangjia (eQ7) សេរ៊ីឆ្នាំ២០២៥ មានប្រវែងតួខ្លួនសរុប ៤ ៦៧៥ ម.ម ទទឹង ១ ៩១០ ម.ម កម្ពស់ ១ ៦៦០ ម.ម ទម្ងន់ ១ ៧៦៩ គីឡូក្រាម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៣០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៨ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៧,១២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿន អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាតពេលខ្ទង់ ៣០នាទី។
ផ្នែកខាងក្រៅរបស់រថយន្តនេះ មានបំពាក់ប៉ាណាមុខបិតជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រន្ធសម្លេងចំនួន ៨ចំនុច និងប្រព័ន្ធជំនួយការបើកបរ និិងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតរួមមាន ពោងសុវត្ថិភាព ប្រព័ន្ធជំនួយការផ្លាស់ប្តូរគន្លង ប្រព័ន្ធជំនួយក្នុងការរក្សាគន្លងផ្លូវ និងប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ជាដើម៕