[ទីផ្សារបរទេស] ទីបំផុត! ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសថា ខ្លួននឹងនាំយករថយន្តភីកអាប់ BYD Shark មកលក់នៅក្នុងទីផ្សារតំបន់អាសុីអាគ្នេយ៏ ពោលគឺប្រទេសម៉ាឡេសុី ចំនួន ១មុឺនគ្រឿង ជាមួយតម្លៃលក់ចាប់ពី ៥៤ ០០០ ដុល្លារ។
ភីកអាប់នេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង DMO platform ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៣៦ សេះ ផ្គួបជាមួយអាគុយប្រភេទ Blade Battery ទំហំ ២៩,៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី ជាមួយកម្រិតស៊ីប្រេង ៧,៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ រត់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រ ចំណាយពេលខ្ទង់ ៥,៧វិនាទី និងអាចបើកបរសរុបបានខ្ទង់ ៨៤០គីឡូម៉ែត្រ។
សម្រាប់ការរចនាផ្នែកខាងក្រៅរបស់ភីកអាប់ BYD Shark បានភ្ជាប់មកជាមួយតួខ្លួនហាប់ណែន ដោយផ្នែកខាងមុខបំពាក់ជាមួយបាណាទំហំធំមានឡូហ្គូអក្សរ BYD នៅចំកណ្តាលអបជាមួយចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង រួមទាំងថាសកង់ស្ព័រទំហំ ១៧អ៊ីញ ដំបូល Roof-rack និងឈ្នាន់ចំហៀងតុបតែងដោយពណ៌ខ្មៅ ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃជាច្រើនមុខងារទៀតផងដែរ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែកម្លាំង ៥០វ៉ាត់ អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ១២អ៉ីញ រួមទាំងប្រព័ន្ធកាមេរ៉ា ៥៤០ ដឹក្រេជាដើម។
គួរបញ្ជាក់ផងថា រថយន្តភីកអាប់ BYD Shark ក៏នឹងត្រូវបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សារប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗនេះផងដែរ៕