[ទីផ្សារបរទេស] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Lexus RX ស៊េរីឆ្នាំ ២០២៥ ជម្រើសថ្មី Black Line Special Edition ផ្នែកលើម៉ូឌែល 500h F Sport Performance ក្នុងទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៤៩ ៩៥០ ដុល្លារ ហើយគ្រោងចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២៤ នេះ ជាមួយចំនួនកំណត់ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ។
Lexus RX 500h F Sport Performance Black Line Special Edition ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអេគ្គិសនីចំនួន ២ អាចផលិតបានកម្លាំងសរុប ៣៦៦ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលប្រហែល ៥,៩ វិនាទី និងមាន top-speed ២០៩ គីឡូម៉ែត្រក្នុងមួយម៉ោង ភ្ជាប់ដោយប្រភេទបើកបរប៉ុង២ all-wheel drive និងប្រអប់លេខអូតូ ៦វគ្គ។
លើសពីនេះទៅទៀត រថយន្តនេះ បានបំពាក់មកជាស្តងដារដូចជា ថាសកង់ស្ព័រទំហំ ២១ អ៊ីញដែលមានផ្ទៃលោហៈពណ៌ខ្មៅ កៅអីស្បែកជាមួយនឹងកំដៅនិងខ្យល់ អេក្រង់បង្ហាញលើកញ្ចក់ អេក្រង់ទំហំ ១២,៣ អ៊ីញ ដៃចង្កូតដែលមានកំដៅ និងដំបូលកញ្ចក់បែប Panoramic glass roof ជាដើម ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធសុវត្ថិភាព Lexus Safety System+ 3.0 ទៀតផង ៕