កាលពីពេលថ្មីៗនេះ បើយោងតាមសារព័ត៌មាន Bloomberg បាននិយាយថា ក្រុមហ៊ុន Apple នឹងផលិតទូរស័ព្ទ iPhone ដែលមានតម្លៃថ្លៃបំផុតរបស់ខ្លួនគឺ 16 Pro និង 16 Pro Max នៅក្នុងប្រទេសឥណ្ឌា ។
ការសម្រេចចិត្តរបស់ Apple ក្នុងការពង្រីកផលិតកម្ម iPhone របស់ខ្លួនទៅក្នុងប្រទេសឥណ្ឌា គឺជាផ្នែកមួយដើម្បីធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ខ្លួនក្នុងប្រទេសចិន (ប្រទេសចិននៅតែជាមជ្ឈមណ្ឌលចម្បងក្នុងការផលិតទូរស័ព្ទ iPhone) បូករួមជាមួយការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុពីសំណាក់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ក្នុងគោលបំណងទាក់ទាញការវិនិយោគរបស់ក្រុមហ៊ុន Apple។ គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះនឹងធ្វើការលក់របស់ Apple ក្នុងប្រទេសឥណ្ឌាកើនឡើងចំនួន ៣៣ ភាគរយ ដែលស្មើនឹង ៨ ពាន់លានដុល្លារ ហើយនឹងបន្តកើនឡើងដល់ ៣៣ ពាន់លានដុល្លារនៅឆ្នាំ២០៣០។
សម្រាប់នៅក្នុងឆ្នាំនេះ Apple គ្រោងនឹងបញ្ចេញទូរស័ព្ទ iPhone 16 ស្តង់ដារដែលផលិតនៅប្រទេសឥណ្ឌា ក្នុងពេលដំណាលគ្នាជាមួយនឹងការចេញផ្សាយជាសកលរបស់ខ្លួន។ លើសពីនេះ ដៃគូផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌា ដូចជាក្រុមហ៊ុន Pegatron Corp. និង Tata Group ក៏អាចនឹងផលិតទូរស័ព្ទ iPhone 16 ម៉ូដែល Pro ក្នុងពេលឆាប់ៗនេះផងដែរ ដោយផ្តោតលើលក្ខណៈពិសេសមួយចំនួន ដូចជាថ្មធំជាងមុន កាមេរ៉ាល្អជាងមុន និងតួទីតាញ៉ូម ជាដើម។
គួរឲដឹងថា ទូរស័ព្ទ iPhone ដែលផលិតក្នុងប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងអាចកាត់បន្ថយតម្លៃនៃម៉ូដែល Pro រហូតដល់ទៅ ១០ភាគរយ ដោយសារការលើកលែងពន្ធនាំចូល។ ទោះជាយ៉ាងណាក៏ដោយ iPhone 16 Pro និង Pro Max នឹងនៅតែមានតម្លៃថ្លៃក្នុងទីផ្សារប្រទេសមួយចំនួន ដោយសារតែតម្លៃនៃការនាំចូលគ្រឿងបន្លាស់ខ្ពស់ និងពន្ធក្នុងស្រុកផ្ទាល់។ ចំពោះម៉ូដែល Pro ដែលផលិតនៅឥណ្ឌាភាគច្រើននឹងត្រូវនាំចេញទៅកាន់ទីផ្សារតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងសហរដ្ឋអាមេរិក