[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី Honda Ye S7 ប្រភេទ SUV ខ្នាតកណ្តាល ក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។
Honda Ye S7 មានប្រវែងតួខ្លួនសរុប ៤ ៧៥០ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៦២៥ ម.ម ទម្ងន់ ២ ១៧៨ គ.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ វិលកង់មុខ ផលិតកម្លាំងបាន ២៦៨ សេះ ផ្គួបជាមួយអាគុយ(មិនទាន់បង្ហាញ) អាចបើកបរបានចម្ងាយខ្ទង់ ៧០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមាន top-speed ១៨០ គីឡូម៉ែត្រ/ម៉ោង។
ទាក់ទងទៅនឹងការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅវិញ រថយន្តស៊េរីថ្មីនេះមានលក្ខណៈទាន់បែបស្ព័រដោយទទួលបានប៉ាណាមុខបិតជិតអបដោយចង្កៀងមុខ-ក្រោយប្រភេទ LED ដ៏ស្លីមទាំងសងខាងរាងអក្សរ H ជាមួយឡូហ្គូលអក្សរ H នៅចំផ្នែកខាងមុខកណ្តាលរថយន្ត អូសកាត់ពីម្ខាងទៅម្ខាង រួមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩ ដល់ ២១ អ៊ីញ។
ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់ឌីជីថល និងអេក្រង់កម្សាន្តទំហំធំរចនាបែបបញ្ឈររួមជាមួយអេក្រង់សម្រាប់បញ្ជាម៉ាសុីនត្រជាក់និងកៅអី ក៏ដូចជាដំបូលកញ្ជក់ Panoramic sunroof ប្រព័ន្ធសំឡេង Bose និងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែផងដែរ។